អភិបាលខេត្តរតនគិរី បានជម្រុញឲ្យអភិបាលស្រុក អភិបាលរងស្រុកកូនមុំ ដែលបានតែងតាំងថ្មី ត្រូវគិតគូរពីផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ

0

ខេត្តរតនគិរី៖ អភិបាលខេត្តរតនគិរី លោក ថង សាវុន នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសតែងតាំង និងផ្ទេរភារកិច្ច ចូលកាន់មុខតំណែង អភិបាល អភិបាលរងស្រុកកូនមុំ ។

ដោយពីធីប្រកាសខាងលើនេះ ប្រារព្វធ្វើឡើងនៅសាលាស្រុក កូនមុំក្រោមការអញ្ជើញចូលរួម ពីសំណាក់ ប្រធាន អនុប្រធានមន្ទីរអង្គភាព ជុំវិញខេត្ត និងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ក្រោមឱវាទសាលាស្រុក សរុបប្រមាណជាង ១០០ នាក់ ។
ថ្លែងទៅកាន់អ្នកចូលរួមក្នុងអង្គពិធីទាំងមូល លោក ថង សាវុន អភិបាលខេត្តរតនគិរី បានជម្រុញ ឲ្យអភិបាល អភិបាលរងស្រុកកូនមុំ ដែលទើបប្រកាសចូលកាន់មុខតំណែងថ្មី ត្រូវគិតគូរផលប្រយោជន៍ជាតិ និងប្រជាជន ជាធំ និងត្រូវចូលរួម លើកកម្ពស់ ការផ្តល់សេវាសាធារណៈ ទាំងសេវា តម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋ ឲ្យបានល្អ និងប្រកបដោយប្រសិទ្ធិភាព ព្រមទាំង ត្រូវសហការ ក្នុងចំណោម អាជ្ញាធរ និង សមត្ថកិច្ច ពាក់ព័ន្ធ ក្នុងការថែរក្សា សន្ថិភាព ស្ថេរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ បង្ការទប់ស្កាត់ ចលនាបដិវត្តពណ៌ និង បង្រ្កាបបទល្មើសនានា ដែលកើតមានឡើងក្នុងដែនសមត្ថកិច្ច របស់ខ្លួន តាមរយៈការបន្តជម្រុញ នូវការអនុវត្តគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ។ ជាពិសេស ត្រូវចុះជួបផ្ទាល់ ជាមួយប្រជាពលរដ្ឋ អោយបានញឹកញាប់ ដើម្បីក្តាប់អោយបាន នូវតម្រូវការ និងបញ្ហាប្រឈមនានា របស់ប្រជាពលរដ្ឋ នៅមូលដ្ឋាន ដើម្បី មានវិធានការដោះស្រាយ អោយបាន សមស្រប ទាន់ពេលវេលា និងមានប្រសិទ្ធិភាព ស្របតាម អភិក្រមទាំងបីរបស់សម្តេច តេជោ នាយករដ្ឋមន្ត្រី គឺ ធ្វើអោយបាន ធ្វើអោយលឿន និងធ្វើអោយតម្លាភាព ។
សូមរំលឹកថា យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្តីពីការ ផ្ទេរភារកិច្ច តែងតាំងមុខតំណែង មន្ត្រីរាជការ សម្រេចផ្ទេរភារកិច្ច លោក ឈឿន ចាន់ធាង ឋានន្តរសក្កិឧត្តម មន្ត្រី ថ្នាក់លេខ ៦ ពីអភិបាល នៃគណៈអភិបាលស្រុកកូនមុំ អោយទៅបំរើការងារនៅខេត្តរតនគិរី ។ តែតាំងលោក សេក ហៃ ឋានន្តរសក្កិឧត្តមមន្រ្តីថ្នាក់លេខ ៦ អោយកាន់មុខតំណែង ជា អភិបាល នៃគណៈអភិបាលស្រុក កូនមុំ ។ ផ្ទេរភារកិច្ចលោក ពុធ ដានី និងលោកស្រី សេង ចាន់បូ ពីអភិបាលរងស្រុកកូនមុំ អោយទៅកាន់មុខតំណែង ជាអភិបាលរងក្រុងបានលុង។ តែងតាំងលោក សាយ ចំរើន និងលោក ហ៊ិន វិន ជាអភិបាលរងស្រុកកូនមុំ ៕ យក្ខឡោម