បន្ទាយមានជ័យៈ លោកវរះសេនីយ៍ទោ រស់ សំបូរ អតីតះមេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរីនៃខេត្តបន្ទាយមានជ័យ ត្រូវបានផ្ទេរភារកិច្ចជានាយរងសេនាធិការបញ្ជាការដ្ឋាអាវុធហត្ថខេត្តបន្ទាយមានជ័យហើយ នៅរសៀលថ្ងៃទី១១ខែមករាឆ្នាំ២០១៨នេះក្រោយពី កាន់តំណែងមេបញ្ជាការនៃស្រុកនេះអស់រយៈពេលជាង១០កន្លងមក។
ពិធីធ្វើឡើងក្រោមវត្តមានលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យនិងលោក រត្ន័ ដាស៊ីណង់ អភិបាលនៃគណៈអភិបាលស្រុកមង្គលបូរី ព្រមទាំងអភិបាលរង ប្រធានអនុប្រធានការិយាល័យ និងប្រធានក្រុមប្រឹក្សាឃុំ និងអាជីវករចូលរួម។
លោកវរះសេនីយ៍ទោ រស់ សំបូរ ត្រូវបានផ្ទេរអោយទៅកាន់តួរនាទីជានាយរងសេនាធិការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ជំនួសមកវិញនូវ លោក ងួន ភិរម្យ អតីតមេបញ្ជាការរងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី។
លោក រ័ត្ន ដាស៊ីណង អភិបាលស្រកុមង្គលបុរីថ្លែង ការស្វាគមន៍មេបញ្ជាការថ្មីដោយសង្ឃឹមជឿជាក់ថា កងកម្លាំងអាវុធហត្ថ បន្តជួយគ្រប់ការងារ ទាំងការងារសង្គម ការចុះជួយទប់ស្កាត់ បទល្មើសនានា និងរាល់ឧបតិហេតុ គ្រោះមហន្តរាយផ្សេងៗដែលកើតឡើងក្នុងស្រុកនេះ ។
លោកឧត្តមសេនីយ៍ត្រី បោន ប៊ិន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ សួរសុខទុក្ខពីសំណាក់ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសជូនចំពោះនាយ នាយរង អាវុធហត្ថ និងក្រុមគ្រួសារ ទាំងអស់ ដែលបានលះបង់នូវកម្លាំងកាយចិត្ត សេចក្តីសុខផ្ទាល់ខ្លួនដើម្បីបំពេញភារកិច្ចស្នូល ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់រហូតនាំមកនូវសន្តិសុខ ស្ថេរភាព ជូនសង្គមជាតិទាំងមូល។មិនតែប៉ុណ្ណោះកម្លាំងអាវុធហត្ថក៏បានចូលរួមយ៉ាងសកម្មនូវរាល់សកម្មភាពមនុស្សធម៌នានាដើម្បីបំពេញបន្ថែមតម្រូវការចាំបាច់របស់បងប្អូនប្រជាពលរដ្ឋ។
លោកបោន ប៊ិន ក៏បានជំរុញនិងដាស់តឿនដល់មេបញ្ជាការថ្មីដែលទើបចូលកាន់តំណែងត្រូវបន្តអនុវត្តការងារអោយទទួលបានលទ្ធផលល្អប្រសើរក្នុងនោះត្រូវបន្តទប់ស្កាត់រាល់បទល្មើសផ្សេងៗដែលកើតមានឡើងក្នុងមូលដ្ឋានគ្រប់គ្រងរបស់ខ្លួន។ធ្វើការបង្ក្រាបអោយខានតែបានក្មេងទំនើង បងតូចបងធំដែលតែងតែបង្កអសន្តិសុខដល់បងប្អូនប្រជាពលរដ្ឋ ពិសេសមុខសញ្ញាចែកចាយ ជួញដូរគ្រឿងញៀន ត្រូវអោយមូលដ្ឋានគ្មានបទល្មើស៕ដោយ៖ឃិន គន្ធា





































