Sa Wut រតនគីរី:
ខេត្តរតនគិរី៖ រថយន្ដយីឌុបដឹកដំឡូងមីក្រៀម ១គ្រឿងបានក្រឡាប់ លើផ្លូវជាតិលេខ៧៨ តែសំណាងល្អមិនមានអ្នករងរបួស នឹងបាត់បង់អាយុជីវិតនោះឡើយ។ ហេតុការណ៍ក្រឡាប់រថយន្តនេះបានកើតឡើងនៅវេលាម៉ោង៥និង៥០នាទីយប់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិ ភ្នំ សង្កាត់យក្សឡោម ក្រុងបានលុង នៅត្រង់ចំណុចចុះចំណោតអូរត្រាវ ។
រថយន្ដដែលក្រឡាប់នោះម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ ស ពាក់ស្លាកលេខកំពង់ចាម 3A-4229 ។ ចំណែកអ្នកបើកបរឈ្មោះ ឆាន់ ហ៊ុន ភេទប្រុសអាយុ៤៥ឆ្នាំជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិជ្រៃសីម៉ា ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
អ្នកបើកបររថយន្ដបានឲ្យដឹងថា ខ្លួនបានបើកដឹកដំឡូងមីចេញពីស្រុកអូរយ៉ាដាវ ឆ្ពោះមកចូលក្រុងបានលុងនឹងបន្តទៅខេត្តព្រៃវែង ក្នុងទិសដៅពីកើតមកលិច។ លុះមកដល់ចំណុចកើតហេតុរថយន្ដបានឡើងចំណោតអូរត្រាវ នៅពេលរថយន្ដកំពង់ឡើងចំណោតជិតផុតទៅហើយនោះ ស្រាប់តែ រថយន្ដបានបន្ថយលឿនអស់ខ្យល់ គាត់ក៏បានសាងពីលេខ៣មកលេខ១វិញ តែដាក់លេខ១មិនចូលសោះ ធ្វើឲ្យរថយន្ដរអិលថយក្រោយវិញ តែចៃដន្យម៉ូតូ១គ្រឿងបានធ្វើដំណើរមកពីក្រោយ ដោយខ្លាចរថយន្ដរអិលកិនលើអ្នកជិះម៉ូតូ ខ្លួន(តែកុង)បានបួងចង្កូតមកខាងស្ដាំបណ្ដាលឲ្យរថយន្ដក្រឡាប់ចាក់ដំឡូងមីពេញលើផ្លូវតែម្ដង ។
ក្រោយកើតហេតុកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ យក្ខឡោម នឹងកម្លាំងសមត្ថកិច្ចនគរបាលចរាចរណជើងគោក នៃស្នងការដ្ឋាននរគបាលខេត្តបានចុះទៅអន្តរាគមន៍នឹងពិនិត្យ ហើយមិនឃើញមានបង្ករការរងរបួស និង គ្រោះថ្នាក់ដល់អាយុជីវិតមនុស្សដល់អ្នកដទៃ ទើបសមត្ថកិច្ចត្រឡប់មកវិញ ។ ដោយសមត្ថកិច្ចបានទាក់ទងទៅមន្ទីរសាធារណការខេត្តចុះមកពិនិត្យ ដោយសាររថយន្ដបានក្រឡាប់លើបង្គោលអមសងខាងផ្លូវបណ្ដោលឲ្យបាក់អស់ជាច្រើនដើម ។
រហូតដល់វេលាម៉ោង៨និង៣០នាទីព្រឹកថ្ងៃទី១១ នេះ ម្ចាស់រថយន្ដបានរងចាំរថយន្ដមកស្ទូចរបស់មន្ទីរសាធារណការ ដើម្បីស្ទូចយករថយន្ដចេញ និងយល់ព្រមដោះស្រាយការបាក់បង្គោលជាមួយមន្ទីរសាធារណការខេត្តតាមនិតិវិធីច្បាប់ ៕ យក្ខឡោម




































