ម៉ូតូបុកជាមួយម៉ូតូស្លាប់២នាក់របួសធ្ងន់២

0

តាកែវ៖ មនុស្ស២បានស្លាប់និង២នាក់ផ្សេងទៀតរងរបួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូក្នុងទិសដៅបញ្ច្រាស់គ្នា ។ហេតុការណ៍នេះបានកើតឡើងកាលពីយប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង១៨និង៤៥នាទីស្ថិតនៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៦៩-៧០ ក្នុងភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ ។ម៉ូតូមួយគ្រឿងម៉ាកស៊ូស៊ូគីនិចពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DO-5557 បើកបរដោយឈ្មោះ ហ៊ិន បឿន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកសិករ នៅភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (រងរបួសធ្ងន់)បើកបរមកពីទិសខាងត្បូង ទៅជើងលុះបើកបរមកដល់ចំណុចកើតហេតុខាងលើបានបុកគ្នា ជាមួយម៉ូតូមួយគ្រឿងម៉ាកស៊្សូមើអ៊ិច ពណ៌ទឹកក្រូចលាយខ្មៅ ពាក់ផ្លាកលេខ តាកែវ 1N-4624 បើកបរដោយឈ្មោះ ខេង ពិសិដ្ឋ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនឯកជន នៅភូមិត្រាវអែម ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ (ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ) និងមានអ្នករួមដំណើរចំនួនពីរនាក់មិនទាន់ស្គាល់អត្តសញ្ញាណ របួសធ្ងន់ម្នាក់និងស្លាប់ម្នាក់ពេលបញ្ជូនដល់មន្ទីរពេទ្យ។ ក្រោយពេលកើតហេតុសមត្ថកិច្ចក៏ចុះមកដល់រួចជួយហៅរថយន្តសង្គ្រោះបន្ទាន់ដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ ចំណែកសាកសពជនរងគ្រោះសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងម៉ូតូទាំងពីរគ្រឿងត្រូវបានយកទៅ រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ ដើម្បីកសាងសំណុំរឿងតាមនិតិវិធីច្បាប់៕