នគរបាលខេត្តបន្ទាយមានជ័យពង្រឹងសមត្ថភាពហ្វឹកហាត់និងបាញ់គ្រាប់ពិត១វគ្គទៀតនៅភ្នំកងវ៉ា

0

បន្ទាយមានជ័យ : កម្លាំងនគរបាលពីអធិការដ្ឋាន ពីវរនគរបាលការពារព្រំដែនគោកនិងចំណុះស្នងការខេត្តបន្ទាយមានជ័យចំនួន ១៨០នាក់នាក់ ក្រោមការដឹកនាំបញ្ជាផ្ទាល់ដោយលោកឧត្តមសេនីយ៍ទោ​អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យបានបញ្ចប់ការហ្វឹកហាត់ និងបាញ់គ្រាប់ពិតក្នុងយុទ្ធវិធី និងយុទ្ធសាស្រ្ត នៃការប្រើប្រាស់អាវុធឱ្យបានស្ទាត់ជំនាញ ដើម្បីចូលរួមការពារថែរក្សាសន្តិសុខជាតិនិងប្រជាជន។

ការហ្វឹកហាត់និងបាញ់គ្រាប់ពិតបានធ្វើឡើងកាលពីព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨​នៅចំណុចទីលានភ្នំកងវ៉ា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។​  គ្រូបង្គោលគឺលោកអនុសេនីយ៍ទោ ផាត់ ផា នាយរងការិយាល័យបណ្តុះបណ្តាលនិងវិក្រត្យការ នៃស្នងការដ្ឋាននគរបាលខេត្តបានប្រាប់ឱ្យដឹងថា : សិក្ខាកាមកម្លាំងនគរបាលខេត្តបន្ទាយមានជ័យបានធ្វើការហ្វឹកហាត់ដើម្បីធានាឱ្យមានគុណភាពនៃការប្រើប្រាស់ អាវុធ។

ការហ្វឹកហាត់មានរយៈពេល៣ខែ ដោយបង្ហាត់បង្រៀនឱ្យសិក្ខាកាមចេះប្រើប្រាស់អនុវត្តជាក់ស្តែងនូវអាវុធវែង និងអាវុធខ្លី ដោយរៀនសូត្រមេរៀនប្រើប្រាស់អាវុធបាញ់ ៣កាយវិកាគឺ១-បាញ់ជំហរឈរ ,២-ជំហរលត់ជង្គង់,និង៣-  ជំហរក្រាប។​លោកបញ្ជាក់ឱ្យដឹងទៀតថា ក្នុងមួយកាយវិកាត្រូវបាញ់១គ្រាប់ ដោយ៣កាយវិកា បាញ់៣គ្រាប់ កាំភ្លើងវែងបាញ់ជម្ងាយ១០០ម៉ែត្រ និង៧០ម៉ែត្រ ។ចំណែកកាំភ្លើងខ្លីបាញ់ចម្ងាយ ៣០ម៉ែត្រ និង២៥ម៉ែត្រ។

ក្នុងការអនុវត្តជាក់ស្តែងបាញ់គ្រាប់ពិតរបស់សិក្ខាមទាំង១៨០នាក់ គឺសិក្ខាកាម បានបាញ់ចំគោលដៅទទួលបាននិទ្ទេសល្អ ៨០ភាគរយ, ទទួលបាននិទ្ទេសបង្គួរ ១០ភាគ រយ, និងទទួលបាននិទ្ទេសមធ្យម១០ភាគរយ។​  លោកឧត្តមសេនីយ៍ទោ​អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ បានថ្លែងរំលឹកដល់សិក្ខាកាមនគរបាលថា : ក្នុងនាមជាកងកម្លាំងនគរបាលជាតិ ត្រូវតែមានឆន្ទៈស្មោះត្រង់ជាមួយរាជរដ្ឋាភិបាល ហើយប្រឆាំងដាច់ខាតចំពោះក្រុមអគតិចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមរយៈការធ្វើបដិវត្តន៍ពណ៍ជាដើម ។

​       លោកឧត្តមសេនីយ៍អាត់ ខែម ក៏បានកោតសសើរនិងជម្រុញលើកទឹកចិត្តដែរដល់សិក្ខាកាមកម្លាំងនគរបាលដែលបានខិតខំយកចិត្តទុកដាក់ហ្វឹកហាត់រៀនសូត្រអនុវត្តខ្ជាប់ខ្ជួន ហើយទទួលខុសត្រូវនូវវិន័យកងកម្លាំងនគរបាលជាតិបានល្អ៕        ដោយ៖ឃិន គន្ធា