ខេត្តកំពង់ធំ នៅរសៀលថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨គម្រោងកម្មវិធីជំរុញផលិតកម្មស្រូវ និងការនាំចេញអង្ករ (Rice-SDP) បានរៀបចំកម្មវិធីប្រជុំសម្របសម្រួលប្រចាំខែលើកទី១២ ក្រោមអធិបតីភាពឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងជានាយកគម្រោង (Rice-SDP)ថ្នាក់ខេត្ត ដែលមានការចូលរួមពីទីប្រឹក្សាគម្រោង មន្ត្រីក្រុងស្រុកគោលដៅទំាង៥ ផងដែរ។
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា នេះជាឱកាសល្អមួយសម្រាប់ខេត្តកំពង់ធំ ក្នុងចំណោមខេត្តដទៃទៀត ដែលរាជរដ្ឋាភិបាល សហការជាមួយធនាគារ ADB បានបង្កើតគម្រោង RICE-SDP នេះឡើង ក្នុងគោលបំណងធ្វើឲ្យប្រសើរឡើងនូវគោលនយោបាយសន្តិសុខស្បៀង និងការនាំចេញអង្ករ ក្នុងនោះក៏មានការជួយសាងសង់ឡសម្ងួត និងឃ្លាំងស្តុកស្រូវ អង្ករ ការស្តារប្រព័ន្ធធារាសាស្ត្រ ផ្តល់បច្ចេកទេសពូជ និងបន្សាំដំណាំស្រូវទៅនឹងការប្រែប្រួលអាកាសធាតុ ជាពិសេសងាយស្រួលក្នុងការផលិត
និងរក្សាទុកកសិផល ឲ្យមានគុណភាពល្អសម្រាប់នាំចេញ មានទីផ្សារលក់ត្រឹមត្រូវ ទទួលបានប្រាក់ចំណូលច្រើន កាត់បន្ថយភាពក្រីក្របានមួយកម្រិតធំ។ ឯកឧត្តមបញ្ជាក់ថា គម្រោងនេះ គឺអនុវត្តលើខេត្តគោលដៅចំនួន ៣ខេត្ត រួមមាន ខេត្តកំពង់ធំ បាត់ដំបង និងព្រៃវែង ក្នុងនោះខេត្តកំពង់ធំ អនុវត្តលើឃុំគោលដៅចំនួន ៣០ឃុំ ក្នុងក្រុងស្រុកចំនួន ៥ រួមមាន ស្រុកបារាយណ៍ ស្រុកសន្ទុក ក្រុងស្ទឹងសែន ស្រុកកំពង់ស្វាយ និងស្រុកស្ទោង៕




































