មណ្ឌលគីរី សួនឧទ្យានសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជាកាដូរថ្មី ពីសម្ដេចតេជោ ហ៊ុន សែន ផ្តល់ជូនជនរួមជាតិ ជាពិសេស ប្រជាជននៅខេត្តមណ្ឌលគិរី នឹងត្រូវចាប់ផ្តើមបើកការដ្ឋានសាងសង់នៅមុនរដូវវស្សាខាងមុខនេះ ឯកឧត្តម យស់ ឆោម ណារ៉ាឌី អនុរដ្ឋលេខាធិកាក្រសួង រៀបចំដែនដីនគរូបនីយកម្ម សំណង់ បានថ្លែងក្នុងពិធីសន្និបាតបូកសរុបការងារលទ្ធផលការងារ
ឆ្នាំ២០១៧ និងលើកទិសដៅការងារឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី នាព្រឹកថ្ងៃអង្គារ ១៥រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៨។
ឯកឧត្តម យស់ ឆោម ណារ៉ាឌី បានបញ្ជាក់ថា ខេត្តមណ្ឌលគិរី គឺមានឧទ្យានជាតិធំមួយ ដែលសាងសង់នៅចំកណ្តាលបេះដូងក្រុងសែនមនោរម្យ ហើយសួនច្បារយក្សដ៏ធំមួយនេះ មានបណ្ដោយ១២០០ម៉ែត្រ ទទឹងប្រវែង១០០ទៅ២០០ម៉ែត្រ ទៅតាមទំហំជាក់ស្ដែង។ បច្ចុប្បន្ននេះ មន្រ្តីជំនាញ បានធ្វើសកម្មភាពឈូសឆាយដីសម្រាប់ធ្វើសួនឧទ្យានជាតិ បានប្រមាណជា ៧០០ម៉ែត្រ នេះបើគិតទៅលើផ្ទៃដីដែលមាន ៧ហិចតា ម្យ៉ាងទៀត ការសាងសង់សួនយក្សនៅខេត្តមណ្ឌលគិរី និងធ្វើការបើកការដ្ឋានសាងសង់នៅមុខរដូវវស្សា
ខាងមុខនេះ។ ជាមួយគ្នានេះដែរ ឯកឧត្តម យស់ ឆោម ណារ៉ាឌី ណែនាំដល់មន្ត្រី ត្រូវសហការជាមួយអាជ្ញា ធរមូលដ្ឋាន ក្នុងការពន្លឿនការចុះបញ្ជីដី មាន លក្ខណៈជាប្រព័ន្ធ ការចុះបញ្ជីដីសហគមន៍ជន ជាតិដើមភាគ តិចការចុះបញ្ជីដីរដ្ឋ និងការចុះបញ្ជីសិទ្ធសម្បទានដីសេដ្ឋកិច្ច ត្រូវផ្តល់សេវាសាធារណៈដល់ប្រជាពលរដ្ឋ អោយមានគុណភាព តម្លាភាព និងប្រសិទ្ធភាព។
ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តមណ្ឌលគិរី បានណែនាំ និងជម្រុញបន្ថែមដល់មន្រ្តី នៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តមណ្ឌលគិរី ត្រូវខិតខំអនុវត្តការងាររៀបចំប្លង់គោលប្រើប្រាស់ដី និងប្លង់ប្រើប្រាស់ដីអនាគត់ អោយមានចីរភាព តម្លាភាព និងត្រូវទប់ស្កាត់ការសាងសង់សំណង់ ដែលគ្មានលិខិតអនុញ្ញាត្រឹមត្រូវ ត្រូវបន្តចុះបញ្ជីដីរបស់សហគមន៍ជនជាតិដើមភាគតិច
ជាពិសេស ត្រូវដោះស្រាយបញ្ហាជម្លោះដីធ្លីជូនប្រជាពលរដ្ឋអោយបានល្អប្រសើរ។
តាមការលើកឡើងរបស់ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត លោក ឈឹម កាន បានឲ្យដឹងថា ក្នុងឆ្នាំ២០១៧ ការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ បានអនុវត្តបីភូមិ ភូមិអូរស្ពាន
ចំនួន១០៤៩ក្បាលដី ស្មើនឹង៣៣៩គ្រួសារ ភូមិមានលាភ បាន១១៩ក្បាលដី ស្មើនឹង៨២គ្រួសារ ភូមិដោះក្រមុំ បាន៤២៣ក្បាលដី ក្រុងសែនមនោរម្យ។ ការចែកប័ណ្ណកម្មសិទ្ធ នៅភូមិចំការតែ បាន៧៨៧ ប័ណ្ណ ស្មើនឹង៦១៥ហិកតា មានប្រជាជន៥៤៤គ្រួសារ និងចែកដល់ដៃ១៩៨ប័ណ្ណ។ ការចុះបញ្ជីដីសហគមន៍ ជនជាតិដើមភាគតិច បានដំណើរការវ៉ាស់វែងចំនួន០៥សហគមន៍ ការចុះបញ្ជីដីរដ្ឋមនា០៣ទីតាំង ការចុះ បញ្ជីសិទ្ធសម្បទានដីសេដ្ឋកិច្ច០១ក្រុមហ៊ុន ស្មើនឹង០៩ប័ណ្ណ ទំហំ៤២៩១ហិកតា៕




































