ឃិន គន្ធា: បន្ទាយមានជ័យ
មន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តបន្ទាយមានជ័យ បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសតំបន់កំណត់ធ្វើការវិនិច្ឆ័យ លើការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅក្នុងបរិវេណវត្តសត្ថារាមស្រះត្រាច នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តី ក្រសួងរៀបដែនដី នគរូបនីយកម្ម និងសំណង់ ឯកឧត្តម ឈើយ ចាន់ណា អភិបាលរងខេត្តបន្ទាយមានជ័យ
ព្រមទាំងមានការចូលរួមពីសំណាក់មន្រ្តីតាមបណ្តាអង្គភាព និងប្រជាពលរដ្ឋយ៉ាងច្រើនផងដែរ។
លោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានឲដឹងថា ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធក្នុងខេត្តបន្ទាយមានជ័យ មានចំនួន ០៤ក្រុម ដែលកំពុងអនុវត្តការងារ គឺនៅ សង្កាត់ភ្នៀត ក្រុងសិរីសោភ័ណ, ឃុំរហាត់ទឹក ស្រុកមង្គលបូរី, ឃុំរហាល ស្រុកព្រះនេត្រព្រះ និងភូមិក្បាលស្ពាន១
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកបន្តថា ប័ណ្ណកម្មសិទ្ធិគឺមានផលប្រយោជន៍ជាច្រើនសម្រាប់បងប្អូនប្រជាពលរដ្ឋដូចជា ធានានូវសិទ្ធិរបស់អ្នកក្នុងការធ្វើជាម្ចាស់ ឬការកាន់កាប់ដីធ្លី អាចយកទៅប្រើប្រាស់ជារបស់ធានានៃការខ្ចីប្រាក់ ជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ធ្វើឲកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ និងអាចបង្កើនតម្លៃដីកាន់តែបានថ្លៃ ព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត។
លោកបញ្ជាក់ថា កន្លងមក ខេត្តបន្ទាយមានជ័យ បានធ្វការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ហើយបានចេញវិញ្ញបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ចំនួន ៧៨,៣៥៥ប័ណ្ណ ក្នុងនោះមានការ ឧបត្ថម្ភគាំទ្រថវិកា ពីដៃគូអភិវឌ្ឍន៍ គម្រោងម្ចាស់ផ្តល់ជំនួយ និងរាជរដ្ឋាភិបាលកម្ពុជា។
លោក ឈើយ ចាន់ណា បានមានប្រសាសន៍ថា កន្លងមកខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែត តំបន់ គឺធ្លាប់មានបញ្ហាវិវាទដីធ្លីជាច្រើនបានកើតមានឡើង ហើយបញ្ហាវិវាទទាំងនោះ កើតឡើងដោយសារតែដីធ្លីទាំងអស់នោះមិនទាន់បានចុះបញ្ជីនៅឡើយ (មិនមានប័ណ្ណកម្មសិទ្ធិ) ដោយឡែកបច្ចុប្បន្ន បញ្ហាវិវាទដីធ្លី គឺមានការថយចុះជាច្រើន ដោយសារតែមានការចុះបញ្ជីដីធ្លី ជូនបងប្អូនប្រជាពលរដ្ឋ ជាពិសេសការចុះបញ្ជីដីធ្លីមានលក្ខៈជាប្រព័ន្ធ របស់កម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី។
ឯកឧត្តម សរ សុវណ្ណ បានមានប្រសាសន៍ផងដែរថា ការចុះបញ្ជីដីធ្លី គឺមានសារៈសំខាន់ណាស់ដែលអាចកាត់បន្ថយនូវបញ្ហាទំនាស់ អាចធានាបាននូវ សុវត្ថិភាពពីការក្លែងបន្លំ ពីសំណាក់ជនខិលខូចមួយចំនួន មិនតែប៉ុណ្ណោះក្រោយពីការធ្វើការចុះបញ្ជី ធ្វើប័ណកម្មសិទ្ធិនេះហើយ ប្រជាពលរដ្ឋយើង គឺមានការប្រើប្រាស់ដីធ្លីជាមធ្យោបាយ សម្រាប់កសាងជីវភាពរស់នៅឲសម្បូរសប្បាយ តមរយះការកសាងភូមិដ្ឋាន ផ្ទះសម្បែង ធ្វើស្រែចម្ការ និងដំណាំដាំដុះផ្សេងៗ។
៩
ឯកឧត្តម បញ្ជាក់ផងដែរថា ប័ណ្ណកម្មសិទ្ធិ អាចឆ្លុះបញ្ជាំងនូវទីផ្សារដី ដែលម្ចាស់កម្មសិទ្ធិ អាចយកទៅប្រើប្រាស់ក្នុងការលក់ដូរដី, បន្តមរតក ឬដាក់បញ្ចាំនៅធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនានា បានតាមសេចក្តីត្រូវការ៕ដោយ៖ឃិន គន្ធា




































