កំពង់ធំៈ បញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ជាមួយខ័ណ្ឌទាំង១០ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ យោធភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាម បានចុះហត្ថលេខាលើលិខិតផ្លូវការស្តីពីកិច្ចសហប្រតិបត្តិការ សម្ព័ន្ធមេត្រីភាព ជាផ្លូវការ ក្នុងកិច្ចការងារមនុស្សធម៍ និងការងារកសាងអង្គភាពរវាង ផ្នែកសឹករងស្រុកក្រុង ទាំង៨ និងវរសេនាតូចទាំង២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤។
ឧត្តមសេនីយ៍ត្រីសោម ស៊ុន បានបញ្ជាក់ក្នុងរបាយការណ៍ថា ការចុះហត្ថលេខានេះ ជាប្រវត្តិសាស្រ្ត ដែលបង្ហាញពីមិត្តភាព សហប្រតិបត្តិការល្អរ៉ឹងមាំ ផ្តល់ប្រយោជន៍ឲ្យគ្នាទៅវិញទីមកដល់ប្រជាជាតិ និងអង្គភាព ទាំង២ ក្នុងគោលដៅរារាំងទប់ស្កាត់ ការប៉ុនប៉ងបំផ្លិចបំផ្លាញ សន្តិសុខ ស្ថេរភាព សង្គមពីក្រុមអមិត្ត រួមទាំង បង្ករលក្ខណៈងាយស្រួល ដល់ប្រជាពលរដ្ឋទាំង២ រស់នៅស្របច្បាប់ក្នុងទឹកដីភាគីមិត្ត និងជួយគ្នាទៅវិញ ទៅមកនូវពេលភាគីមិត្តជួបការលំបាក និងគ្រោះមហន្តរាយ។
ពិធីចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងនៅទីបញ្ជាការដ្ឋានតំបន់ប្រតិ្តបត្តិការសឹករងកំពង់ធំ ដោយមានការ ចូលរួមពីសំណាក់ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ តំណាងឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិត្តិការសឹករងកំពង់ធំ និងឯកឧត្តម ឧត្តមសេនីយ៍ត្រី ជឿង វ៉ាន់តាយ គណបញ្ជាការយោធាទីក្រុងហូជីមិញ ឯកឧត្តម ឧត្តមសេនីយ៍ទោ មាស សុំ មេបញ្ជាការងយោធភូមិទី៤ នៅព្រឹកថ្ងៃទី១៧ខែមករា ឆ្នាំ២០១៨ នៅសាលប្រជុំបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ ចំពោះចំណងមេត្រីភាពដ៏ជិស្និទ្ធ រវាងតំបន់ប្រតិត្តិការសឹករងកំពង់ធំ និងបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ កន្លងមកដែលជាលទ្ធផលផ្លែផ្កា គួរជាទីពេញចិត្ត ក្នុងកិច្ចសហប្រតិត្តិការរវាងអង្គភាពទាំង២ ប្រទេសទាំង២ និងឈានមកដល់ថ្ងៃនេះ ក្នុងការ ចុះហត្ថលេខាចងសម្ព័ន្ឋមេត្រីភាព ជាមួយខ័ណ្ឌទាំង១០ ចំណុះបញ្ជាការដ្ឋានយោធាទីក្រុងហូជីមីញ យោធភូមិភាគទី៧នៃកងទ័ពប្រជាជនវៀតណាម ផ្នែកសឹករងស្រុកក្រុង ទាំង៨ និងវរសេនាតូចទាំង២ នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ យោធភូមិភាគទី៤ និងសូមគាំទ្រយ៉ាងពេញទំហឹង រួមទាំងអគុណបញ្ជាការដ្ឋានយោធាទីក្រុងហូជីមិញ ដែលបានជួយឧត្ថម្ភជួយសាងសង់អាគារជាច្រើន និងការងារផ្នែកមនុស្សធម៌ជួយដល់ប្រជាជនកម្ពុជា។ ដោយ ប៊ុន រដ្ឋា





































