អគ្គីភ៏យមួយបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង បន្ទាប់ពីមានជាងផ្សារដំបូលធ្លាក់កំទេច

0

ភ្នំពេញ៖ ផ្អើរទាំងព្រឹកដោយសារអគ្គិភ័យមួយបានឆាបឆេះឃ្លាំងស្តុកអេតចាយមួយកន្លែង បន្ទាប់ពីមានជាងផ្សារដំបូល ហើយបានធ្លាក់ផ្កាភ្លើងមកលើបាវអេតចាយដែលនៅខាងក្រោម បណ្តាលឲ្យហ៊ុយផ្សែង ដោយខ្លាចឆេះឆាបខ្លាំង ទើបម្ចាស់ឃ្លាំងខាងលើហៅរថយន្តពន្លត់អគ្គិភ័យចុះមកធ្វើការបាញ់ពន្លត់។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅចំណុចក្បែរវត្តសំបួរ មាសក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។​
យោងតាមប្រភពព័ត៌មានពីម្ចាស់ឃ្លាំងស្តុកអេតចាយខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គាត់បានឲ្យជាងមកផ្សារដំបូលឃ្លាំងដែលរហែក ខណៈនោះស្រាប់តែធ្លាក់ផ្កាភ្លើងមកលើបាវអេតចាយដែលនៅខាងក្រោម បណ្តាលឲ្យហ៊ុយផ្សែង ទើបប្រញាប់នាំគ្នាយកទឹកមកជះពន្លត់ ប៉ុន្តែដោយសារតែខ្លាចឆាបឆេះបន្តទៀត ទើបគាត់ជាម្ចាស់ឃ្លាំង បានរាយការណ៍ជូនសមត្ថកិច្ចដើម្បីហៅរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង រួមមានរថយន្តពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រចាំខណ្ឌដង្កោ ១គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា ចំនួន២គ្រឿង ចុះមកដល់កន្លែងកើតហេតុ ប្រើប្រាស់ទឹកអស់ចំនួន១គ្រឿង ទើបរលត់ទៅវិញជាស្ថាពរ ហើយការចុះអន្តរាគមន៍នេះដែរ ក៏មានការចូលរួមពីសំណាក់ លោក នាយករដ្ឋបាលសាលាខណ្ឌដង្កោ រួមនិងកម្លាំងចម្រុះជាច្រើននាក់ ផងដែរ៕