ឯក​ឧត្តម ជាវ តាយ​ ឲ្យការពារសន្តិសុខសុវត្ថិ​ភាព​សង្គម លើកកម្ពស់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម​កិច្ច វប្បធ៌ម

0

កំពត ឯក​ឧត្តម ជាវ តាយ​អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា៖ បើទោះបីខេត្ត​កំពតបច្ចុប្បន្ននេះ មានសន្ទុះនៃភាព​អភិវឌ្ឍ​ន៍រីកចម្រើនលើគ្រប់វិស័យបម្រើបាននូវសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋយ៉ាងល្អប្រសើរក៏ពិតមែន។ ប៉ុន្តែ​អាជ្ញាធរ​ខេត្តយើងក៏នៅតែត្រូវបន្ដខិតខំធ្វើការ​អភិវឌ្ឍ​ន៍អោយបានកាន់តែរីកចម្រើនបន្តថែមទៀត ដើម្បីអោយឆ្លើយតបបានស្របទៅ​តាមមហិច្ឆិតានៃគោលនយោបាយរាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ​ហ៊ុន សែន​ជាប្រមុខ ដឹកនាំ។​ពោលគឺផ្ដោតលើការអភិវឌ្ឍន៍ ផ្លូវ ភ្លើង ទឹក និង​មនុស្ស ដែលជាការងារអាទិភាព ។​
ឯកឧត្ដម ជាវ តាយ បានមានប្រសាសន៍​បែបនេះនៅ​ក្នុង ឱកាស​ដែលឯក​ឧត្ដម​បានអញ្ជើញជាអធិបតីដឹកនាំកិច្ចប្រជុំ​គណៈអភិបាលខេត្ត កាលពី​ព្រឹកថ្ងៃ​២៣​ខែមករា ឆ្នាំ​២០១៨ ដែលមានការចូលរួមពីលោក-​លោកស្រីជាអភិបាលរងខេត្ត​និងថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្ត។​
ឯកឧត្ដម​អភិបាល​ខេត្តក៏លើកឡើងបន្តទៀតថា៖ ដូចនេះយើងទាំងអស់គ្នាត្រូវរួមសហការគ្នា​ជាកម្លាំងសរុប វិធានការ សរុប​ក្នុងការដឹកនាំគ្រប់គ្រងកិច្ចការរដ្ឋបាលដែនដី ការពារសន្តិសុខសណ្ដាប់ធ្នាប់​សុវត្ថិ​ភាព​សង្គម និងលើកកម្ពស់ការអភិវឌ្ឍន៍ សេដ្ឋកិច្ច សង្គម​កិច្ច វប្បធ៌ម នៅក្នុងក្របខ័ណ្ឌនៃភូមិសាស្ត្រខេត្តកំពត ដែលជាខេត្តមួយ​មានសក្ដានុពល ទាំង​វិស័យ​សេដ្ឋកិច្ច​និងទេសចរណ៍អោយបានកាន់តែប្រសើរឡើងថែមទៀត ស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ច្បាប់ លិខិតបទដ្ឋាន។ ឯកឧត្តម​ជាវ តាយ ក៏បានសំណូមពរ​ អោយ​អភិបាលរងខេត្ត ក៏ដូចថ្នាក់ដឹកនាំអង្គភាពចំណុះសាលាខេត្តទាំងអស់​ត្រូវបន្តជំរុញ​បំពេញមុខងារ​ និងទទួលខុសត្រូវ ស្របទៅតាមលំដាប់ឋានានុក្រម​និងអនុវត្តតួនាទី​ភារកិច្ច​ដែលបានបែងចែក​ដោយទទួលខុសត្រូវអំពីការសម្រេច និងសកម្មភាពនានាក្នុងគ​ណៈអភិបាលខេត្តផងដែរ។​
គួរជំរាបថា៖​កិច្ច​ប្រជុំ គណៈអភិបាល​ខេត្តកំពត នាពេលនេះ បានឆ្លងនិងផ្ដោតនូវរបៀបវារៈ លើកិច្ចផ្ដល់យោបល់អំពី​របាយការណ៍​ស្ដីពី​វឌ្ឍនភាព នៃការបំពេញតួនាទី ភារកិច្ច បញ្ហា​ប្រឈម និង​សំណូមពរ របស់ក្រុមប្រឹក្សា​ខេត្ត។ ដែលអង្គប្រជុំបានពិភាក្សាផ្ដល់​យោបល់​លើរបាយការណ៍រដ្ឋបាលខេត្តដែលមាន១៩ទំព័រ ព្រមទាំង​លើការបែងចែក តួនាទី​ភារកិច្ច​និងរបៀបរបប​ធ្វើ​ការងាររបស់​គណៈអភិបាលខេត្ត និបការផ្ដល់ឯកសណ្ឋានការងារសម្រាប់មន្រ្តីរដ្ឋបាលខេត្ត។​