ខេត្តកំពង់ធំ សមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានបន្តសកម្មភាព ចុះប្រគល់ផ្ទះដែលជា អំណោយសម្តេចតេជោ ហ៊ុន សែន និងជាខ្នងផ្ទះលើកទី ៥៥ ត្រូវបានសាងសង់រួចជាស្ថាពរ និងបានប្រគល់ផ្ទះថ្មីនេះ ជូនលោក អ៊ុយ ជា អាយុ ៤៦ឆ្នាំ មានភរិយាឈ្មោះ ទេម វន អាយុ ៤៨ ឆ្នាំ និងមានកូន ០២ នាក់ រស់នៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
ពិធីប្រគល់ផ្ទះមួយខ្នងនេះ ត្រូវបានឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជន ខេត្ត រួមទាំងប្រធានសមាគមក្រុង អមដោយអាជ្ញាធរ មូលដ្ឋាន ប្រគល់ជូន អតីតយុទ្ធជនឈ្មោះ អ៊ុយ ជា ដែលមានជីវភាពក្រីក្រ ខ្វះខាតជម្រកស្នាក់នៅ ទើបានធ្វើផ្ទះឲ្យថ្មី ដើម្បីឲ្យអតីតយុទ្ធជន នៅខេត្តកំពង់ធំ មានចិត្តសប្បាយរីករាយ ដោយមិនគិតថានប្រមុខរាជរដ្ឋាភិបាល ឬអាជ្ញាធរ ខេត្ត និងស្រុកក្រង បោះបងចោលនោះទេ គឺនៅតែជាអ្នកជួយបងប្អូនរាល់ការលំបាក ដែលពិធីនេះត្រូវបានធ្វើឡើងនៅល្ងាចថ្ងៃទី ២៣ ខែមករា ឆ្នាំ ២០១៨ ។
លោក អ៊ុយ ជា អតីតជាអនុសេនីយ៍ត្រី បានចូលបម្រើកងទ័ពនៅថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ១៩៨៧ ជាអតីតយុទ្ធជន នៅអង្គភាពកងអនុសេនាធំគាំទ្រ នៃកងពលលេខ៥ ចាស់ និងបានត្រូវរបួសពិការដៃឆ្វេង នៅឆ្នាំ១៩៩០ ក្នុងសមរភូមិ បច្ចុប្បន្នបានស្ម័គ្រចិត្តធ្វើជាប្រជាការពារភូមិ ដើម្បីការពារសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ និងឈ្លៀតពេលធ្វើជាអ្នករត់តុ ដើម្បីបានប្រាក់ជួយផ្គត់ផ្គង់ជីវភាពគ្រួសារ ក្នុងថ្ងៃនេះផងដែរ បានទទួលផ្ទះថ្មី សង់ខ្ពស់ពីដី ក្រាលក្តា ដំបូល និងជញ្ជាំង សង្ក័សី ត្រូវបានចំណាយថវិកាសាងសង់អស់ ៦,២៨០,០០០ រៀលក្នុងនោះ ឯកឧត្តម សោម ស៊ុន បានឧបត្ថម្ភបន្ថែម អង្ករ ៧៥ គ.ក្រ ,មីចំនួន ០២ កេស ,ទឹកផ្លែឈើ ០១ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ,មុងជ្រលក់ថ្នាំចំនួន ០១ ,ប៊ីចេង ០២ កញ្ចប់ ,ម្សៅសាប៊ូបោកខោអាវ ០២ កញ្ចប់ និងថវិកាចំនួន ១៥០,០០០ រៀល ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយអនុវត្តន៍តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ សាងសង់ជាបន្តបន្ទាប់ដូចភ្លៀងរលឹមដើម្បីប្រគល់ជូនអតីតយុទ្ធជនយើង ដែលមានជីវភាពក្រីក្រ តាមការជាក់ស្តែង ។ ដោយប៊ុន រដ្ឋា




































