សៀមរាប៖ យ៉ាងហោចណាស់ក៏មានមនុស្ស៥នាក់ បានរងរបួសត្រូវបានដឹកបញ្ជូនមកកាន់មន្ទីរពេទ្យភ្លាមៗ ក្រោយហេតុការណ៍គ្រោះថ្នាក់រវាងរថយន្តក្រុងដឹកអ្នកដំណើរក្រុមហ៊ុន ពន្លឺអង្គរខ្មែរ បុកជាមួយម៉ូតូយ៉ាងពេញទំហឹង។ហេតុការណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិ ថ្នល់ដាច់ ឃុំសង្វើយ ស្រុកជីក្រែង ខេត្តសៀមរាប។
មុនពេលកើតហេតុមានរថយន្តក្រុងដឹកអ្នក ដំណើរឈ្មោះ ពន្លឺអង្គរខ្មែរ បានដឹកអ្នកដំណើរពីខេត្តសៀមរាប (ពីទិសលិចទៅទិសកើត) ហើយដឹកមនុស្សចំនួន៤៦នាក់ហើយបានទៅបុកជាមួយម៉ូតូមួយគ្រឿងដែលបើកបរបញ្ច្រាសទិសគ្នាយ៉ាងពេញទំហឹងបណ្តាលអោយរថយន្តក្រឡាប់ផ្ញារជើងទៅម្ខាងផ្លូវ ចំណែកម៉ូតូក៏បានរងការខូចខាតជាដំណំ ។
ក្នុងហេតុការណ៍នោះ អ្នកបើកបរម៉ូតូម្នាក់ឯងនិងអ្នកជិះរថយន្តចំនួន៤នាក់ទៀត បានរងរបួសហើយត្រូវបានគេបញ្ជូនមកកាន់មន្ទីរពេទ្យ ដើម្បីសង្គ្រោះនិងព្យាបាល។អ្នកបើកបររថយន្តដែលគេមិនស្គាល់ឈ្មោះ បានរត់គេចខ្លួនបាត់ស្រមោល បន្សល់ទុកតែរថយន្ត និងអ្នកធ្វើដំណើរនៅកន្លែងកើតហេតុ៕




































