សន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៧ និងលើកទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០១៨

0

ខេត្តកំពង់ធំៈ  ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត បានថ្លែងថា ផ្អែកតាមយុទ្ធសាស្ត្រចតុកោណ និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលខេត្តបានសម្រេចលទ្ធផលការងារប្រចាំឆ្នាំ២០១៧ កន្លងមក ទទួលបានជោគជ័យលើសមិទ្ធផលដ៏ធំធេង ដែលសម្រេចបានលើគ្រប់វិស័យ និងបានដោះស្រាយបញ្ហាប្រឈមមួយចំនួនដូចជា បញ្ហាដីធ្លី ជលផល ព្រៃឈើ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាផងដែរ ។

ពិធីសន្និបាតបូកសរុបវាយតម្លៃពីលទ្ធផលការងារ បញ្ហាប្រឈម និងដំណោះស្រាយនានា ក្នុងឆ្នាំ២០១៧ត្រូវបានធ្វើឡើង ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ ព្រមទាំងកំណត់ទិសដៅសម្រាប់ឆ្នាំ២០១៨ ក្រោមអធិបតីភាព ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ និងឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលក្រុង-ស្រុក ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត មន្ត្រីរាជការសាលាខេត្ត កងកម្លាំងទាំង៣ប្រភេទ ក្រុមប្រឹក្សាឃុំ-សង្កាត់ មានអ្នកចូលរួមជិត៤០០នាក់ ។

ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ មានប្រសាសន៍លើកឡើងថា វិស័យសន្តិសុខសណ្តាប់ធ្នាប់សង្គមទូទាំងខេត្ត ឆ្នាំ២០១៧កន្លងទៅនេះ កងកម្លាំងគ្រប់ប្រភេទ ខិតខំថែរក្សាការពារសុវត្ថិភាពសាធារណៈជូនប្រជាពលរដ្ឋបានល្អប្រសើរ ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពកក់ក្តៅ និងខិតខំប្រកបមុខរបរចិញ្ចឹមជីវិតមានជីវភាពធូរធារប្រកបដោយសុខសុវត្តិភាពនៅតាមមូលដ្ឋាន ។ ការបម្រើសេវាសាធារណៈខេត្តបានលើកម្ពស់ការយកចិត្តទុកដាក់ និងជំរុញការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនានា មានផ្លូវថ្នល់ ស្ពាន លូប្រឡាយទឹក ទំនប់ ស្រះទឹក មណ្ឌលសុខភាព សាលារៀន ពិសេសវិស័យអគ្គិសនី និងទឹកស្អាតជាដើម។ ឯកឧត្តមបន្តទៀតថា ដោយសារឆ្នាំ២០១៨ នេះមានសេសសល់ ការងារមួយចំនួន ពីឆ្នាំ២០១៧ និងការងារថ្មីៗជាច្រើនទៀត កំពុងរង់ចាំដែលទាមទារពេលវេលាបទពិសោធន៍ភាពឆ្នៃប្រឌិត ឱ្យកាន់តែស៊ីជម្រៅ និងរស់រវើកថែមទៀតនោះ ដែលទាមទារឱ្យអាជ្ញាធរដែនដី គ្រប់ជាន់ថ្នាក់ និងភាគីពាក់ព័ន្ធទាំងអស់ត្រូវ ខិតខំរួមគ្នាធ្វើការវាយតម្លៃ បញ្ហាប្រឈម មូលហេតុនៃបញ្ហាប្រឈម និងជម្រើសនានា សម្រាប់ជាដំណោះស្រាយជាមូលដ្ឋាន លើកកម្ពស់ប្រសិទ្ធភាពអនុវត្តន៍ទិសដៅ និងភារកិច្ចបន្តឆ្នាំ២០១៨នេះ។ដោយ  ប៊ុន រដ្ឋា