ឯកឧត្តម គន់ គីម ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជននៅខេត្តព្រះសីហនុ១០៦០នាក់

0

ខេត្តព្រះសីហនុ៖ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា តំណាងសម្តេចតេជោហ៊ុនសែន បានសំដែងការដឹងគុណដល់បងប្អូនអតីតយុទ្ធជនទាំងអស់ដែលបានធ្វើពលិកម្មដើម្បីបុព្វហេតុជាតិមាតុភូមិក្រោមការដឹកនាំដ៏វាងវៃនិងក្លាហានរបស់សម្តេចតេជោហ៊ុនសែននាយករដ្ឋមន្ត្រី។

ដូច្នេះសូមបន្តការគាំទ្រសម្តេចតេជោហ៊ុនសែនដើម្បីដឹកនាំកម្ពុជាអោយកាន់តែរីកចំរើនថែមទៀត។

ឯកឧត្តម ក៏បានស្នើនាយនគរបាលប៉ុស្តិ៍រដ្ឋបាល មេឃុំ មេស្រុក និងចៅហ្វាយខេត្ត ដែលជាប្រធានកិត្តិយសសមាគមអតីតយុទ្ធជនកម្ពុជាតាមថ្នាក់នីមួយៗត្រូវជួយសម្របសម្រួលដល់បងប្អូនអតីតយុទ្ធជនអោយបានល្អនៅពេលពួកគាត់មានបញ្ហាផ្សេងៗ។

នេះជាប្រសាសន៏របស់ ឯកឧត្តម នាយឧត្តមសេនីយ៏ គន់ គីម ត្រូវបានបរំលេចឡើងក្នុងឱកាស ជួបសំណេះសំណាលជាមួយ អតីតយុទ្ធជននៅខេត្តព្រះសីហនុ១០៦០នាក់កាលពីព្រឹកថ្ងៃពុធ ៨កើតខែមាឃ ឆ្នាំរកា ពស ២៥៦១ ត្រូវនឹងថ្ងៃទី២៤ខែមករាឆ្នាំ២០១៨។

នាឱកាសនោះដែរ ឯឧ គន់ គីម បានកោតសរសើរ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ ផងដែរដែលយកចិត្តទុកដាក់បានល្អចំពោះអតីតយុទ្ធជនទាំងឡាយក៏ដូចជាប្រជាពលរដ្ឋទូទៅនិងចេះរៀបចំខ្លួនទន់ភ្លន់សាមញ្ញនិងនៅកៀកកិតជាមួយប្រជាជននិងយល់ពីសុខទុក្ខប្រជាជនជាប្រចាំ។

ជាមួយគ្នានេះដែរ ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ស្វាគមន៍ និងអបអរសាទរចំពោះអតីតយុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ដែលបានចូលរួមការពារជាតិ មាតុភូមិ ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍរីកចម្រើនជាបន្តបន្ទាប់។

ឯឧ​​ យន្ត មីន ស្នើអោយបងប្អូនទាំងអស់គ្នាត្រូវចូលរួមអនុវត្តតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ពោលគឺកុំលេងល្បែងស៊ីសង កុំប្រើប្រាស់គ្រឿងញៀនស្រវឹងនិងកុំបំពានច្បាប់ចរចរណ៍។

ជាពិសេសត្រូវរួមគ្នាជាមួយរដ្ឋបាលខេត្តក្នុងការការពារសន្តិភាព ប្រឆាំងដាច់ខាតនូវចលនាបដិវត្តន៍ពណ៌នាំអោយសង្គមវឹកវរនិងត្រូវនាំគ្នាគាំទ្រសម្តេចតេជោ ហ៊ុន សែន ប្រធានគណៈបក្សប្រជាជនដើម្បីបន្តដឹកនាំប្រទេសកម្ពុជាយើងអោយកាន់តែរីកចម្រើនថែមទៀត។

ឯឧ យន្ត មីន បានបញ្ជាក់ទៀតថា បើសិនបងប្អូនមានបញ្ហាអ្វីសូមទាក់ទងតាមរយៈមេភូមិ មេឃុំ មេស្រុក ឬមកខេត្តផ្ទាល់ក៏បានដែរ ដើម្បីរកដំណោះស្រាយជូនបងប្អូន។

ក្នុងឱកាសនោះឯកឧត្តម នាយឧត្ដមសេនីយ៍ គន់ គីម ក៏បានបំពាក់មេដាយការពារជាតិជូនដល់យុទ្ធជនកម្ពុជាខេត្តព្រះសីហនុ ចំនួន ៩៧១នាក់ មានមេដាយមាស ប្រាក់ និងសំរឹទ្ធ និងចែកអណោយជូនអតីតយុទ្ធជនចូលរួមចំនួន ១០៦០នាក់  ក្នុងម្នាក់ៗទទួលបាន មី ០២កេស , ត្រីខ ៣០កំប៉ុង , ទឹកដោះគោ ០២កំប៉ុង និងថវិកា ៥០,០០០រៀល ៕ដោយ ៖ខៀវ សាវ៉ុន

លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី