សៀមរាបៈ បទល្មើសដឹកជញ្ជូនឈើដោយខុសច្បាប់ ត្រូវបានដឹកជារៀងរាល់ថ្ងៃ តែបែរជាមេព្រៃរក្សាភាព ស្ងៀមស្ងាត់ ពុំមាសកម្មភាពបង្រ្កាបសូម្បីម្តងណាឡើយ ធ្វើឲ្យមានការសង្ស័យថា លោក ម៉ម ប៊ុនយ៉ុង ហៅ ភូម៉ារ៉ា នាយរងសង្កាត់រដ្ឋាលព្រៃឈើ ខ្វាវ ប្រហែលជាត្រូវដងត្រូវផ្លែរគ្នា ទើបានជាបណ្តែតបណ្តោយឲ្យមាន ការដឹកជញ្ជូនទាំងថ្ងៃទាំងយប់ ដូចគេហែកៈឋិន។
តាមសេចក្តីរាយការណ៍ បានឲ្យដឹងថា មេព្រៃនៅឃុំខ្វាវ បានបើកភ្លើងខៀវឲ្យ ឈ្មួញឈ្មោះប៉ៃ ធ្វើសកម្មភាពដឹកជញ្ចូនឈើ តាមរយះគោយន្តកន្រៃ ក្នុងមួយថ្ងៃជាង១០រទេះ ហើយបានដឹកមកស្តុបនៅភូមិភូមិកំបោអរ នៅពេលយប់ បានដឹកបន្តទៅលក់នៅស្រុកសូទ្រនិគម មិនតែប៉ុណ្ណោះដោយអំណាចរបស់ឈ្មួញឈើ ម្នាក់នេះ បានមកពីមេព្រៃ ដែលមានលោក ម៉ម ប៊ុនយ៉ុង ហៅ ភូម៉ារ៉ា នាយរងសង្កាត់រដ្ឋាលព្រៃឈើខ្វាវ នៅ ពីក្រោយខ្នង ក៏ដឹកដោយរលូន ដោយពុំមានការរាំងស្ទះដំណើរការនោះឡើយ មិនតែប៉ុណ្ណោះបានអួតអាង ថាមេព្រៃរស់ដោយសារតែខ្លួនជាអ្នកចិញ្ចឹម ។
តាមប្រភពព័ត៌មាន បានបញ្ជាក់ថា ឈ្មោះប៉ៃ ដែលល្បីឈ្មោះរន្ទឺពេញស្រុកជីក្រែង និងស្រុកសូទ្រនិគម ត្រូវបានគេដឹងថា បច្ចុប្បន្ន រស់នៅភូមិចំប៉ី ឃុំយ៉ែក ស្រុកសូទ្រគម ឈ្មួញឈើដុះស្លែនេះ បានផ្តល់បាយទឹក ដល់លោក ម៉មប៉ុន យ៉ុង បន្ថែមលើប្រាក់ខែរដ្ឋ ដើម្បីជាថ្នូរនឹងការ ជួយមើលការខុសត្រូវក្នុងដឹកជញ្ជូនឈើ មិនតែប៉ុណ្ណោះបានផ្តល់កញ្ចប់ជូនលោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាបទៀតផង។
ទាក់ទិននឹងបញ្ហាចោទប្រកាន់ថាមេព្រៃអសកម្មក្នុងតួនាទីការពារព្រៃឈើ អ្នកសារព័ត៌មាន ព្យាយាមទាក់ទង ទៅ លោក ម៉ម ប៊ុនយ៉ុង ហៅ ភូម៉ារ៉ា នាយរងសង្កាត់រដ្ឋាលព្រៃឈើខ្វាវ តែពុំអាចធ្វើការទំនាក់ទំនងបានទេ កាលពីរសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ ២០១៨ ជាចុងក្រោយប្រជាពលរដ្ឋ បានសំណូមពរ ឲ្យលោក ម៉ុង ប៊ុនលីម នាយខណ្ទរដ្ឋបាលព្រៃឈើសៀមរាប ជួយយកចិត្តទុកដាក់លើករណីបំផ្លាញព្រៃឈើផង។
ដោយ អ៊ុក ផ្លុង




































