ខេត្តរតនគិរី៖ ប្រជាពលរដ្ឋនៅក្រុងបានលុងបានរិះគន់ថា ឲ្យតែអ្នកមានលុយចង់ធ្វើអ្វីបានទាំងអស់ មិនថាត្រូវបំផ្លាញទ្រព្យសម្បត្តិរដ្ឋ យ៉ាងណាក៏ដោយ។
សួនច្បារទ្រូងផ្លូវលម្អរក្រុងបានលុង ខេត្តរតនគិរី តាមដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចមុខសណ្ឋាគារ សុវណ្ណគីរី ត្រូវបានម្ចាស់សណ្ឋាគារកាប់គាស់បំផ្លាញ បើកផ្លូវកាត់សួនច្បារទ្រូងផ្លូវប្រមាណជាង១០ម៉ែត្រ ដើម្បីងាយស្រួលភ្ញៀវធ្វើដំណើរចេញចូល សម្រាប់ធ្វើអាជីវកម្មរបស់ខ្លួន ក្រោមការព្រមព្រាងពីអាជ្ញាធរក្រុង។
បើតាមការលួចខ្សឹបប្រាប់ ប្រជាពលរដ្ឋក្នុងក្រុងបានលុងថា សួនច្បារទ្រូងផ្លូវ ជាទ្រព្យសម្បត្តិរបស់រដ្ឋ ត្រូវម្ចាស់សណ្ណាគារសុំបំផ្លាញចោល អញ្ចឹងមុននិងក្រោយ បឹងកន្សែងត្រូវអ្នកមានលុយ ទិញលុបចោលទៀតហើយមើលទៅ ?។
ករណីសួនច្បារទ្រូងផ្លូវត្រូវម្ចាស់សណ្ឋាគារបំផ្លាញចោល មួយប្រហោងខាងលើនេះ លោក ងិន ណែល អភិបាលក្រុងបានលុង បានឲ្យដឹងនៅល្ងាចថ្ងៃទី២៥ មករានេះ ថា ខាងអាជ្ញាធរបានអនុញ្ញាតិឲ្យម្ចាស់សណ្ឋាគារ បើកទ្រូងផ្លូវប្រវែង ២ម៉ែត្រ ចំខាងមុខសណ្ឋាគារ ដើម្បីងាយស្រួលដល់ភ្ញៀវចេញចូល និងសម្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរទៀតផង។
ហើយម្ចាស់សណ្ឋាគារ បានដាក់សំណើរ ស្នើរសុំបើកផ្លូវនេះ តាំងពីមុនលោកឡើងកាន់តំណែងមកម្លេះ។
លោកបន្តថា ដោយសង្កេតឃើញទ្រូងផ្លូវនៅចំណុចនោះ មានលក្ខណៈវែង ធ្វើឲ្យប្រជាពលរដ្ឋមានការលំបាកក្នុងការធ្វើដំណើរផងនោះ ទើបអាជ្ញាធរសម្រេចឯកភាពឲ្យម្ចាស់សណ្ឋាគារបើកទ្រូងផ្លូវនោះតែម្ដងទៅ។ម្យ៉ាងវិញទៀត ក្រុងក៏ត្រូវមានការអភិវឌ្ឍន៍កែលំអរ មិនគួរទុកឲ្យនៅដដែលនោះទេ។
ចំណែកលោក ស៊ុន ប៉ូលីន ប្រធានមន្ទីរសាធារណៈ ការនឹងដឹកជញ្ជូនខេត្តរតនគិរី បានឲ្យដឹងថា ការទំលាយទ្រូងផ្លូវខាងលើនេះ មានការស្នើសុំពីម្ចាស់សណ្ឋាគារ សុវណ្ណគីរី តាមរយៈសាលាក្រុង។លោកថា បើទ្រូងផ្លូវនៅចំណុចនោះមានលក្ខណៈវែង គួរតែទំលាយផ្លូវកាត់ទៅ ដើម្បីសម្រួលដល់ការធ្វើដំណើរឆ្លងកាត់ខ្លះដល់ប្រជាពលរដ្ឋ។បើទោះបីជាយ៉ាងណា សួនច្បារទ្រូងផ្លូវនៅចំណុចនោះ មានលក្ខណៈវែងយ៉ាងណាក៏ដោយចុះ ក៏គួរតែ លកលៃទំលាយផ្លូវកាត់ឲ្យបាន២ប្រហោង ហើយមានសួនច្បារទ្រូងផ្លូវប្រវែងស្មើគ្នា។ មិនគួរបើកទ្រូងផ្លូវ នៅក្បែរផ្លូវបែកជាបួនដូច្នេះនោះទេ។ដោយឡែកប្រជាពលដែលធ្វើអាជីវកម្មផ្ទះសំណាក់ និងសណ្ឋាគារ តាមដងផ្លូវនៅចំណុចនោះ ពួកគាត់ក៏ចង់បើកទ្រូងផ្លូវដូចគ្នាដែរ៕ យក្ខឡោម




































