ក្មេងប្រុសម្នាក់ស្លាប់ក្រោមដំណក់ទឹកភ្នែកយ៉ាងសោកស្តាយបំផុតពីគ្រួសារ ដោយសារស្នាដៃលោកពេទ្យគ្មានជំនាញ

0

ខេត្តរតនគិរី ៖ ក្មេងប្រុសម្នាក់ស្លាប់ បន្ទាប់ទទួលការព្យាបាលពីលោកគ្រូពេទ្យឯកជនមួយកន្លែង (គ្មានផ្លាកយីហោ) ស្ថិតនៅភូមិ៣ ឃុំស្រែអង្ក្រង ស្រុកកូនមុំ កាលពីវេលាម៉ោង៨នឹង៣០នាទីព្រឹក ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៨។

យោងតាមរបាយការរណ៍ពីនគរបាលខេត្តបានឲ្យដឹងថា ក្មេងប្រុសម្នាក់ស្លាប់ ឈ្មោះ សុខ ឡេង អាយុ១២ឆ្នាំ បានឈឺរយៈពេលបីថ្ងៃមកហើយ រហូតដល់ថ្ងៃទីបួន ឪពុក បានយកក្មេងនេះមកចាក់ថ្នាំនៅពេទ្យឯកជនមួយ(គ្មានផ្លាកយីហោ)។តាមការបំភ្លឺរបស់ឪពុកឈ្មោះ ធឹម ហេម បានឲ្យដឹងថា កូនរបស់គាត់ត្រូវបានពេទ្យ ឈ្មោះ យឹម ស៊ីវ៉ន ភេទប្រុស បានចាក់ថ្នាំមួយម្ជុល និងព្យួរសេរ៉ូម ហើយថែមទាំងឲ្យផឹកថ្នាំងងុយដេក មួយគម្របដប ក្រោយមក កូនរបស់គាត់ស្រាប់តែមានសភាពខុសប្លែកពីធម្មតា។

ឪពុកក្មេងរងគ្រោះបន្តថា គ្រូពេទ្យ យឹម ស៊ីវ៉ន បានឲ្យ រូបលោក(ជាឪពុក) យកក្មេងនោះទៅផ្ទះវិញ ពេលចេញពីផ្ទះពេទ្យ បានប្រមាណជាង​៣០០ ម៉ែត្រ កូនបានស្លាប់ តែម្តង។ទាក់ទិនបញ្ហាចោទប្រកាន់ខាងលើនេះ លោក យឹម ស៊ីវ៉ន សារព័ត៌មាន ខេមរា មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី២៦ មករា​នេះ ។ដោយឡែកលោក ភោក សារិទ្ធ អធិការនគរបាលស្រុកកូនមុំ បានឲ្យ សារព័ត៌មាន ខេមរា ដឹងតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៦ មករានេះ ថា ចាំបន្តិចសិនគាត់នឹងធ្វើរបាយការណ៍ជូន។ជុំវិញបញ្ហាស្លាប់ក្មេងប្រុសខាងលើនេះ មហាជនបានលើកឡើងថា អាជ្ញាធរនឹងសមត្ថកិច្ចស្រុកកូនមុំ តើគួរមានវិធានការយ៉ាងណាចំពោះគ្រូពេទ្យដែលចាក់ថ្នាំបណ្តាលឲ្យមានមនុស្សស្លាប់បែបនេះ? ព្រោះសូម្បីទីតាំងពេទ្យនោះ ក៏គ្មានយីហោងផង ឬទុកឲ្យធ្វើសកម្មភាពស្រាច់នឹងចិត្ត ។

ចំណែក លោក អ៊ុង រតនា ប្រធានមន្ទីរសុខាភិបាលខេត្តរតនគិរី គួរចុះអធិការកិច្ចចំពោះករណីនេះ ផង អាណិតប្រជាពលរដ្ឋដែលជួបទុក្ខហើយ មកជួបគ្រូពេទ្យគ្មានជំនាញថែមទៀត៕ យក្ខឡោម