សាំង សារ៉ាវី: តាកែវៈ ស្ត្រីម្នាក់ត្រូវបានអ្នកនៅជាមួយ ប្រទះឃើញស្លាប់ដោយចងកនៅជាប់បង្អួចបន្ទប់ ធ្វើអោយមានការភ្ញាក់ផ្អើលកាលពីព្រលប់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៣០នាទី នៅចំណុចផ្ទះវីឡាមួយកន្លែងស្ថិតក្នុងភូមិផ្សារតាកោរ សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ។ 
លោកឆាយ សាវុធ អធិការក្រុងដូនកែវបានអោយដឹងថា ស្ត្រីដែលចងកសម្លាប់ខ្លួន មានឈ្មោះ រតនា អាយុ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្នស្នាក់នៅបុរីប៉េងហួត ផ្លូវជាតិលេខ២ និងមានផ្ទះជួលមួយកន្លែងនៅកន្លែងកើតហេតុខាងលើ ។
តាមសម្តីអ្នកមីងម្នាក់ដែលរស់នៅជាមួយដើម្បីជួយមើលផ្ទះបាននិយាយប្រាប់ប៉ូលីសថា ស្ត្រីខាងលើមានកូនប្រុសស្រី៣នាក់រស់នៅផ្ទះបុរីប៉េងហួតភ្នំពេញ ដោយគាត់(ស្រ្តីរងគ្រោះ)មកសម្រាកនៅផ្ទះកើតហេតុម្ដងម្កាល ។ នៅថ្ងៃកើតហេតុពេលរសៀលម៉ោង៣រសៀលគាត់
(ស្ត្រីរងគ្រោះ)បានបើករថយន្តផ្ទាល់ខ្លួនម៉ាក លុចសីស៣៣០ មកពីភ្នំពេញមកដល់ផ្ទះកើតហេតុក្នុងទឹកមុខស្រពោននិងបាននិយាយថាមិនចង់រស់ទេ ហើយក៍ឡើងទៅសម្រាកនៅបន្ទប់របស់គាត់ទៅ លុះដល់ព្រលប់ម៉ោងប្រហែល៧ ដោយបាត់គាត់យូរពេកមិនឃើញចុះមកក្រោមនិងមានការសង្ស័យផងនោះ អ្នកមីងដែលរស់នៅជាមួយបានទៅគោះទ្វាបន្ទប់ហៅ ដោយមិនមានការឆ្លើយតបទេ ទើបគាត់ទៅមើលតាមបង្អួចពីក្រៅទើបប្រទះឃើញស្ត្រីរងគ្រោះចងកជាមួយខ្សែរបង្អួចស្លាប់ បាត់ទៅហើយទើបផ្អើលឆោឡោប្ដឹងសមត្ថកិច្ចតែម្ដង ។
ក្រោយពីធ្វើកោសល្យវិច័យលើសាកសពរួចសមត្ថកិច្ចបានអះអាងថាជនរងគ្រោះពិតជាបានស្លាប់ដោយសារចងកធ្វើអត្តឃាតពិតប្រាកដមែន រួចបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ តាកែវ




































