កំពង់ធំៈ អតីតយុទ្ធជនឈ្មោះ ស៊ឹង អ៊ត និងភរិយា បានទទួលផ្ទះថ្មីមួយខ្នង ដែលជាអំណោយលើកទី ៥៦ ក្នុងខេត្តកំពង់ធំ និងជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា សាងសង់ដោយ សមាគមអតីតយុទ្ធជនខេត្តកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្ត បានមានប្រសាសន៍ថា ដោយទទួលបានការចង្អុលបង្ហាញ ដ៏ជិតស្និទ្ធពីសំណាក់ ឯកឧត្តម នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឲ្យសមាគមខេត្តកំពង់ធំ បន្តសកម្មភាពចុះស្រាវជ្រាវ សិក្សាស្វែងយល់ អតីតយុទ្ធជន ដែលគ្មានដី គ្មានផ្ទះ និងអតីតយុទ្ធជនទីទាល់ក្រ ត្រូវរាយការណ៍ជាបន្ទាន់ ដើម្បីដោះស្រាយជាបន្ទាន់ និងសុំឲ្យយកចិត្តទុកដាក់ឲ្យបានល្អប្រសើរ បំផុតលើក្រុមគ្រួសារអតីតយុទ្ធជន ។
ជាក់ស្តែង លោក ស៊ឹង អ៊ត អតីតធ្លាប់បានចូលបម្រើក្នុងជួរកងទ័ពនៅឆ្នាំ១៩៩៣ មានឋានៈជាប្រធានកងអនុសេនាតូចអាវុធគ្រាំទ្រ នៃកងពលលេខ៥ ចាស់ ហើយបានត្រូវរបួស ពិការ ដោយសារសង្គ្រាមនៅឆ្នាំ១៩៩៧ មានប្រពន្ធឈ្មោះ ថោ យ៉ៃ អាយុ ៤៧ ឆ្នាំ មានកូនចំនួន ០៧ នាក់ បច្ចុប្បន្នប្រកបមុខរបរដើរស៊ីឈ្នួលគេ និងទទួលភារកិច្ចជាប្រជាការពារភូមិ ព្រោះបញ្ហាសុខភាពចុះខ្សោយដោយជម្ងឺតេតាណូស ដោយមានអំបែងគ្រាប់បៀមនៅក្នុងខ្លួន ( ចេះតែប្រកាច់ពេលអាកាសធាតុត្រជាក់ខ្លាំង) រស់នៅភូមិអូររំដេង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។
ក្នុងពិធីប្រគល់ផ្ទះ ជូនអតីតយុទ្ធជន ឈ្មោះ ស៊ឹង អ៊តត្រូវបានធ្វើឡើងនៅ ព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៨ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន ព្រមទាំងសហការី និងក្រុមការងារ ស.អ.ក ស្រុក-ឃុំ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះទៅប្រគល់ផ្ទះខ្នងទី៥៦ មានទំហំ (៤មx៦ម)ដែលសាងសង់អំពីឈើ ក្រាលក្តា ដំបូល និងជញ្ជាំង សង្ក័សី សាងសង់អស់ទឹកប្រាក់ចំនួន ៦,២៩៨,០០០ រៀល នៅក្នុងពិធីប្រគល់ផ្ទះថ្មីនេះដែរ អាជ្ញាធរមូលដ្ឋានបានប្រគល់លិខិតទទួលស្គាល់គ្រប់គ្រងដីធ្លី ដើម្បីអោយសាម៉ីខ្លួនទៅធ្វើប័ណ្ណកម្មសិទ្ធស្របតាមច្បាប់ និង បានឧបត្ថម្ភជូនគាត់បន្ថែមទៀតនូវ អង្ករ ៥០ គ.ក្រ ,មីចំនួន ០២ កេស ,ទឹកត្រីទឹកស៊ីអ៉ីវ ០២ យួរ ,មុងជ្រលក់ថ្នាំចំនួន ០១ ,ប៊ីចេង ០២ កញ្ចប់ ,ម្សៅសាប៊ូបោកខោអាវ ០២ កញ្ចប់ និងថវិកាចំនួន ២០០,០០០ រៀល ។ ដោយ ប៊ុន រដ្ឋា




































