ខេត្តរតនគិរី៖ បន្ទាប់ពីមានការរិះគន់ចំៗ ពីមជ្ឈដ្ឋានទូទៅ រហូតភ្ញាក់ផ្អើលដល់អាជ្ញាធរខេត្ត ករណីម្ចាស់សណ្ឋាគារ សុវណ្ណគីរី គាស់កកាយសួនច្បារទ្រូងផ្លូវទ្រព្យសម្បត្តិរបស់រដ្ឋ ក្រោមការព្រមព្រាងពីលោកអភិបាលក្រុងបានលុង និងប្រធានមន្ទីរសាធារណៈការនឹងដឹកជញ្ជូនខេត្តនោះ នៅថ្ងៃទី២៧ ខែមករានេះ ចន្លោះសួនច្បារទ្រូងផ្លូវ ត្រូវគេជួសជុលឡើងវិញ ។
លោក ថង សាវុន អភិបាលខេត្តរតនគិរី បញ្ជាឲ្យអាជ្ញាធរក្រុងបានលុង និងមន្ទីរសាធារណការខេត្ត ស្ថាបនាសួនច្បារទ្រូងផ្លូវឡើងវិញ បន្ទាប់ពីឯកឧត្ដមទទួលបានដំណឹង ពីករណីអាជ្ញាធរក្រុង និងប្រធានមន្ទីរសាធារណការ ព្រមព្រៀងគ្នាអនុញ្ញាតិឲ្យម្ចាស់សណ្ឋាគារ សុវណ្ណគីរី កកាយបំផ្លាញសួនច្បារបើកផ្លូវ ខាងមុខសណ្ឋាគារនោះ ។
លោក ញែម សំអឿន អភិបាលរងខេត្ត បានឲ្យក្រុមអ្នកសារព័ត៌មានយើងដឹងតាមទូរស័ព្ទនៅរសៀលថ្ងៃទី២៧ ខែមករានេះ ថា ការព្រមព្រាងឲ្យម្ចាស់សណ្ឋាគារសុវណ្ណគីរី គាស់កាយសួនច្បារ បើកផ្លូវកាត់ទ្រូងផ្លូវ នៅមុខសណ្ឋាគារសុវណ្ណគីរី របស់អាជ្ញាធរក្រុង និងមន្ទីរសាធារណៈការនោះ អាជ្ញាធរខេត្តមិនបានដឹងទេ ក៏ប៉ុន្តែក្រោយពីទទួលបានព័ត៌មាននេះ អាជ្ញាធរខេត្តចុះពិនិត្យឃើញថា ករណីនេះមិនសមស្រប ឯកឧត្ដមអភិបាលខេត្ត ក៏បានឲ្យស្ថាបនាឡើងវិញឲ្យបានដូចដើម ។
សូមបញ្ជាក់ថា ម្ចាស់សណ្ឋាគារ សុវណ្ណគីរី បានគាស់កាយសួនច្បារទ្រូងផ្លូងសាធារណៈ ដើម្បីសម្រួលដល់ភ្ញៀវ ក្នុងការចេញចូលសណ្ឋាគារ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨កន្លងទៅ តាមដងផ្លូវជាតិលេខ៧៨ ស្ថិតក្នុងភូមិ៧មករា សង្កាត់ឡាបានសៀក ក្រុងបានលុង ត្រង់ចំណុចខាងមុខ សណ្ឋាគារ សុវណ្ណគីរីនោះ ។
បច្ចុប្បន្ន សួនច្បារទ្រូងផ្លូវ ដែលរងនូវការគាស់កកាយ បំផ្លាញពីសំណាក់ម្ចាស់សណ្ឋាគារខាងលើនេះ ត្រូវបានមន្ទីរសាធារណៈការខេត្តរតនគិរី កំពង់ធ្វើការស្ថាបនាជួសជុលឡើងវិញហើយ។ចំណែកមជ្ឈដ្ឋានទូទៅក្នុងខេត្ត ក៏មានសាទរ ចំពោះអាជ្ញាធរខេត្តរតនគិរី ដែលមានចំណាត់ការភ្លាមៗ លើករណីខាងលើនេះ៕ យក្ខឡោម




































