អភិបាលខេត្តព្រះវិហារអំពាវនាវអោយសមត្ថកិច្ចត្រូវត្រួតពិនិត្យមើលសំណង់ក្នុងទីប្រជុំជនមិនត្រូវអោយមានការសាងសង់ណាមួយដោយគ្មានច្បាប់អនុញ្ញាតិនោះទេ!

0

(ព្រះវិហារ)៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តព្រះវិហារ បានថ្លែងប្រាប់ទៅដល់សមត្ថកិច្ចថា ត្រូវត្រួតពិនិត្យមើលរាល់សំណង់ទាំងអស់ នៅក្នុងទីប្រជុំជន ក្នុងដែនគ្រប់គ្រងរបស់ខ្លួន មិនត្រូវអោយសាងសង់ដោយគ្មានច្បាប់អនុញ្ញាតិនោះទេ។

ការថ្លែងបែបនេះរបស់អភិបាលខេត្ត ក្នុងឱកាសដែលឯកឧត្តមអញ្ជើញចូលរួមបិទសន្និបាតបូកសារុបលទ្ធផលការងារឆ្នាំ២០១៧ និងលើកទិសដៅការងារបន្តឆ្នាំ២០១៨ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្មសំណង់ និងសុរិយោដីខេត្តព្រះវិហារ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៨នេះ។

ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍បន្តថា៖ក្រោម៥០០ម៉ែត្រការ៉េចំពោះសំណង់ លំនៅដ្ឋានមិនលើសពីមួយជាន់ សម្រចត្រឹមថ្នាក់សាលាក្រុងព្រះវិហារ ចំពោះសំណង់ក្រោម៣០០០ម៉ែត្រការ៉េសម្រេចត្រឹមថ្នាក់ខេត្ត និងចំពោះសំណង់ដែលលើសពី៣០០០ម៉ែត្រការ៉េសម្រេចដល់ថ្នាក់ក្រសួង ហើយចំពោះសំណង់ស្ថានីយ៍ប្រេង គឺក្រសួងជាអ្នកសម្រេច។
ជាមួយគ្នានេះផងដែរអភិបាលខេត្ត បានណែនាំដល់អជ្ញាធរក្រុងស្រុក ត្រូវត្រួតពិនិត្យមើលការចាក់ដីលុបបឹង ព្រែក និងលុបលូ ដែលបណ្តាលអោយស្ទះទឹក និងប៉ះពាល់ដល់បរិស្ថានត្រូវចុះពិនិត្យមើលភ្លាម មិនត្រូវបណ្តែតបណ្តោយទាល់តែមានបញ្ហាឆ្លើយដាក់គ្នានោះទេ។
ចំពោះការយកដីចំណីផ្លូវធ្វើអាជីវកម្ម ក៍យ៉ាងដូច្នោះដែរ ព្រោះកន្លងមកធ្វើអោយប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណះ។អភិបាលខេត្តព្រះវិហារ ឯកឧត្តម អ៊ុន ចាន់ដា ក៍បានធ្វើការព្រមានដល់មន្ត្រីទាំងឡាយណា ដែលបានសីញ៉េអនុញ្ញាតិអោយសាងសង់សំណង់ខុសច្បាប់ ដោយសារលាភសក្ការះ គឺត្រូវទទួលខុសត្រូវដោយខ្លួនឯងចំពោះមុខច្បាប់ផងដែរ៕សួនលីណា