បន្ទាយមានជ័យៈជនសង្ស័យជាយុវជន ឆក់សកម្មបីនាក់ ត្រូវសមត្ថកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ចាប់វាយខ្នោះ ខណៈដែលពួកគេធ្វើសកម្មភាពជិះម៉ូតូឆក់ទូរស័ព្ទ និងកាបូបពីអ្នកធ្វើដំណើរបានជាច្រើនលើក ហើយក៍បានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកមិញនេះ។លោកវរសេនីយ៍ទោ ខែម សោភ័ណ នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការ នគរបាលខេត្តបន្ទាយមានជ័យ បានឲ្យ ដឹងថា ដោយមួយរយៈក្នុងខែមករា ដើមឆ្នាំ២០១៨នេះមានករណីឆក់ទូរស័ព្ទ និងការបូបលុយកើតមានជាញឹកញាប់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការខេត្តបន្ទាយមានជ័យ តាមរយៈលោកឧត្តមសេនីយ៍ត្រី សិទ្ធិ ឡោះ ស្នងការរងបានដាក់ផែនការដល់ការិយាល័យជំនាញរបស់លោកឲ្យ ធ្វើការស្រាវជ្រាវបង្រ្កាបឲ្យ បាននៅមុខសញ្ញាឆក់ទូរស័ព្ទ ដើម្បីបញ្ចៀសការភ័យខ្លាចរបស់ប្រជាពលរដ្ឋ។
ជាលទ្ធផលដោយទទួលបានពាក្យបណ្តឹងពីជនរងគ្រោះនៃអំពើឆក់ចំនួន៦នាក់ និងរបាយការណ៍របស់ប៉ុស្តិ៍រដ្ឋបាលបង្ហាញពីមុខសញ្ញានៃជនប្រព្រឹត្ត និងដោយមានការសម្របសម្រួលពីលោក មាស ច័ន្ទពិសិដ្ឋ បានឈានដល់ការឃាត់ខ្លួនបានជនសង្ស័យ៣នាក់ ក្នុងចំណោម៤នាក់ ដែលកំពុងរត់គេចខ្លួនម្នាក់ កាលពីថ្ងៃទី២៨ មករា ២០១៨ នៅក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ។
ជនសង្ស័យទី១ ឈ្មោះ ប៊ុន ដាវីត ហៅចិន ភេទប្រុស អាយុ១៧ឆ្នាំ។ ២ ឈ្មោះ សុវណ្ណ សេងអ៊ី អាយុ១៧ឆ្នាំ។ ៣ឈ្មោះ សាង ហុងហៀង អាយុ១៨ឆ្នាំ អ្នកទាំងបីមានទីលំនៅក្នុងសង្កាត់អូរអំបិល និងសង្កាត់កំពង់ ក្រុងសិរីសោភ័ណ។
លោកវរសេនីយ៍ទោ ខែម សោភ័ណ បានបន្តទៀតថា ជនសង្ស័យទាំង៣នាក់បានធ្វើសកម្មភាពឆក់ទូរស័ព្ទ និងការបូបចំនួន៦លើកកាលពីថ្ងៃទី៩.១១ .១៦ .២០ .២១ .២២ ខែមករា២០១៨ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណ និងស្រុកមង្គលបូរី ហើយត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់នៅក្នុងក្រុងសិរីសោភ័ណ ព្រមទាំងដកហូតបាននៅវត្ថុតាងដែលជនសង្ស័យឆក់បានរួមមានទូរស័ព្ទចំនួនបីគ្រឿង។
ក្រោយការឃាត់នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំងបី បានសារភាពថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ និងកាបូបជាច្រើនលើកពិតមែន។ ដោយយោងតាមពាក្យបណ្តឹងនិងភស្តុតាងបញ្ជាក់ ព្រមទាំងចម្លើយ សារភាពជនសង្ស័យទាំងបី ត្រូវបានជាប់ពីបទអំពើពួចពិតប្រាកដមែន។បច្ចុប្បន្នជនសង្ស័យទាំងបីបានបញ្ជូនទៅតុលាការរួចហើយកាលពីព្រឹកថ្ងៃទី៣០ មករា ២០១៨ ចំណែកទូរស័ព្ទ បានប្រគល់ឲ្យ ជនរងគ្រោះវិញ៕




































