ខេត្តព្រះសីហនុ ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៨ រដ្ឋបាលខេត្តព្រហសិហនុបានរៀបចំ ពិធីប្រកាសមុខតំណែងអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុបន្ថែមថ្មីមួយរូបទៀត គឺលោក វិជ្ជៈបណ្ឌិត លិ គឹមហួ ក្រោមអធិបតី ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ។
តាមដីកាស្តីពីការតែងតាំងមន្ត្រីរាជការរបស់សាលាខេត្តព្រះសីហនុ លេខ១៦៩/១៧ .ដក សម្រេចតែងតាំងលោកវេជ្ជបណ្ឌិត លិ គឹមហ៊ួ ឋាន្តរសក័អនុមន្ត្រីថ្នាក់លេខ៣ ក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ជាអនុប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ។
លោកវេជ្ជបណ្ឌិត លិ គឹមហ៊ួ អនុប្រធានមន្ទីរសុខាភិបាលថ្មី បានប្តេជ្ញាចិត្ត ខិតខំប្រឹងប្រែងយកអស់កម្លាំងកាយ ចិត្ត ប្រាជ្ញា ស្មារតីបំរើសេវាសាធារណៈលើវិស័យសុខាភិបាលឲ្យមានប្រសិទ្ធិភាព ស្របតាមគោលនយោបាយកំណែទម្រង់សាធារណរបស់រាជរដ្ឋាភិបាល ។
លោក លិ គឹមហួ បន្តថា នឹងខិតខំរក្សាទំនាក់ទំនងល្អ សាមគ្គីភាពផ្ទៃក្នុងរវាងថ្នាក់ដឹកនាំមន្ទីរសុខាភិបាលនិងមន្ត្រីក្រោមឱវាទអោយបានល្អប្រសើរ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ផ្តាំផ្ញើដល់ លោកអនុប្រធានមន្ទីរសុខាភិបាលដែលទើបតែងតាំងថ្មី”ត្រូវរក្សានៅចំណងសាមគ្គីភាពផ្ទៃក្នុង តាមបទបញ្ជាផ្ទៃក្នុងរបស់អង្គភាព បម្រើការងារឲ្យមានប្រសិទ្ធភាព គុណភាព និងតម្លាភាព ដើម្បីជាសេនាធិការដ៍ល្អរបស់ប្រធានមន្ទីរ និងត្រូវសហការជាមួយមន្ត្រីក្រោមឱវាទ សាមគ្គីភាពផ្ទៃក្នុង អោយបានល្អដើម្បីឲ្យអង្គភាពមានការរីកចម្រើនក្នុងការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋអោយមានគុណភាពនិងប្រសិទ្ធភាពខ្ពស់”៕ ដោយ៖ខៀវ សាវ៉ុន




































