ក្រឡាប់រថយន្តស្លាប់ម្នាក់របួស២នាក់នៅស្រុកត្រាំកក់

0

តាកែវ៖ មនុស្សម្នាក់បានស្លាប់និង២នាក់ទៀតរងរបួសស្រាលដោយសារគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់រថយន្តកាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង០៣និង៣០នាទីនៅលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ៧៦-៧៧ ស្ថិតក្នុងភូមិចំការដៀប ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។
លោក ឌុក ធីយ៉ា អធិការនគរបាលស្រុកត្រាំកក់បានអោយដឹងថា រថយន្តដឹកចេកមួយគ្រឿងម៉ាកសាំងយ៉ុង ពណ៌បៃតងចាស់ ពាក់ផ្លាកលេខ ភ្នំពេញ 2V-0284 បើកបរដោយឈ្មោះ សាំង ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិច្រែស ឃុំបឹងសាឡាងខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត (រងរបួសស្រាល) និងមានអ្នករួមដំណើរជាមួយចំនួនពីរនាក់ ទី០១.ឈ្មោះ ចៅ វេន ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរព្រូឡាន រស់នៅភូមិកំពូលមាស ឃុំឬស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច ខេត្តកំពតរងរបួសស្រាល និងទី០២. ឈ្មោះ លឹម វឹងអៅ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរជាថៅកែចេក រស់នៅភូមិសាសៀ ឃុំមីឌឹក ស្រុកហាទៀង ខេត្តទៀងយ៉ាង ប្រទេសវៀតណាម បានស្លាប់ដោយកៀបជាប់នឹងរថយន្ត។អ្នកឃើញហេតុការបាននិយាយប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុគេឃើញ រថយន្តខាងលើបើកបរមកពីទិសខាងត្បូង ទៅជើងក្នុងល្បឿនលឿនលុះមកដល់ចំណុចខាងលើ បានបែកកង់ក្រោយពីខាងឆ្វេងរួចរ៉េចង្កូតក្រឡាប់ធ្លាក់ទៅលើចិញ្ចើមផ្លូវពីខាងលិច បណ្តាលឲ្យមានមនុស្សរងរបួសនិងស្លាប់កៀបជាប់ក្រោមរថយន្តតែម្តង ។ក្រោយកើតហេតុ សមត្ថកិច្ចក៏បានប្រគល់សាកសពទៅអោយសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងរថយន្តត្រូវបានស្ទូចទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់ដើម្បីដោះស្រាយនៅពេលក្រោយ៕