ខេត្តកំពង់ចាម ៖ សឹងរាប់ភ្លេចទៅហើយ ដែលអគ្គស្នងការនគរបាលជាតិ បានណែនាំឲ្យមន្ត្រីនគរបាលគ្រប់ជាន់ថ្នាក់ យកចិត្តទុកដាក់អនុវត្តន៍ទៅតាមបទបញ្ជារបស់ ថ្នាក់លើ ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យស្របទៅតាមការកែទម្រង់ស៊ីជម្រៅ ជាពិសេសសមត្ថកិច្ចប្រដាប់អាវុធទាំងអស់ ត្រូវបញ្ឈប់ការរកស៊ីដឹកជញ្ជូនទំនិញគេចពន្ធឬការរកស៊ីឈើខុសច្បាប់ ប៉ុន្តែសម្រាប់លោក ធៀម ដែន ហៅតក់ ក្នុងតួនាទីជាមេប៉ូលិសប្រចាំច្រកបឹងជ្រោង ស្ថិតក្នុងឃុំជាំ ស្រុកមេមត់ ខេត្តកំពង់ចាមមិនដែលឈឺក្បាលវិលមុខពីបទបញ្ជារបស់ថ្នាក់លើម្តងណាឡើយ គឺសកម្មបំផុតក្នុងការកាងឬរកស៊ីដឹកជញ្ជូនឈើ
ខុសច្បាប់យ៉ាង គគ្រឹកគគ្រេង។ ប្រជាពលរដ្ឋបានអះអាងថា យ៉ាងហោចណាស់លោក ធៀម ដែន ហៅតក់ មានឃ្លាំងស្តុកឈើធំៗចំនួន២កន្លែង ដែលប្រមូលទិញឬមានគោលដៅដឹកជញ្ជូនមកពីគ្រប់ទិសទី គឺឃ្លាំងទី១ស្ថិតនៅស្នាក់ការសន្តិសុខ ៧០២ចម្ងាយប្រមាណ៦០០ម៉ែត្រ នៅកណ្តាលចំការដំឡូង ក្នុងភូមិសង្គម ឃុំទន្លូង និងឃ្លាំងទី២ ស្ថិតនៅក្នុងចំការម្រេច
ក្នុងភូមិជ្រៃឡើង ឃុំជ្រៃវៀន ស្រុកមេមត់។ បើទោះបីជាលោក ធៀម ដែន ហៅតក់ មិនបានចេញមុខមករកស៊ីដឹកជញ្ជូនឈើខុសច្បាប់ក៏ដោយ ប៉ុន្តែគាត់បានចាត់តាំងមេការដ៏មានអំណាចម្នាក់ឈ្មោះ កែវ ឲ្យមើលការខុសត្រូវជំនួស ក្នុងការពិនិត្យមើលសកម្មភាពដឹកជញ្ជូនឈើចូលឃ្លាំងនិងការបញ្ចេញឈើ ទៅស្រុកយួនតាមច្រកបឹងជ្រោង ទីដែលលោក ធៀម
ដែន ហៅតក់ មានមុខគ្រប់គ្រងនៅច្រកនេះឡើងដុះស្លែទៅហើយ គ្មាននរណាហ៊ានក្អកជាមួយទេ។ មានការបញ្ជាក់ផងដែរថា ឃ្លាំងស្តុកឈើរបស់លោក ធៀម ដែន ហៅតក់ ក្នុងមួយថ្ងៃៗមានរថយន្តទួរីស សាំយ៉ុង កាមរីហើមប្រមាណ៦ទៅ៧គ្រឿង ដឹកឈើមកពីគ្រប់កន្លែងទាំងអស់យកទៅទម្លាក់នៅក្នុងឃ្លាំងទាំងនេះ នៅពេលថ្ងៃ ហើយនៅពេលយប់ឈ្មោះ កែវ
ដែលជាមេការក៏បានរៀបចំបញ្ជូនឈើប្រណីតចេញពីឃ្លាំង ដឹកតាមរថយន្តកែច្នៃធំៗចូលទៅស្រុកយួនតាមច្រកបឹងជ្រោង យ៉ាងអនាធិបតេយ្យបើនិយាយពីមន្ត្រីជំនាញនិងសមត្ថកិច្ចដទៃទៀតវិញ មិនដែលហ៊ានហើបមាត់ទេ ក៏ព្រោះតែពួកគេមិនចង់ប៉ះទង្គិចជាមួយលោក ធៀម ដែន ហៅតក់ ក៏ចេះតែបិទភ្នែកយោគយល់ក្នុងនាមជាសមត្ថកិច្ចប្រដាប់អាវុធដូចគ្នា។
បើនិយាយពីជំនាញរដ្ឋបាលព្រៃឈើវិញ ក៏លោក ធៀម ដែន ហៅតក់បានផ្តល់ប្រយោជន៍ជាប់ជាប្រចាំទើបអ្វីៗអាចដំណើរការដោយរលូន ល្អ មិនដែលមានឧបសគ្គ ហើយសម្រាប់ស្នងការនគរបាលខេត្តកំពង់ចាម ប៉ុន្មានជំនាន់មកហើយ ចេះតែយោគយល់ទុកឲ្យលោក ធៀម ដែន ហៅតក់ ដឹកនាំការងារតាមរបៀបជិះសេះលែងដៃឬ ប្រើស្បែកជានគរបាលទៅ
ពាក់ព័ន្ធជាមួយជំនួញឈើខុសច្បាប់ផ្ទុយពី សេចក្តីណែនាំរបស់ក្រសួងមហាផ្ទៃ។ ប្រជាពលរដ្ឋក៏បាន អះអាងផងដែរថា នៅច្រកបឹងជ្រោងនេះផងដែរ ពេលពួកគាត់ដឹកជញ្ជូនផលកសិកម្មចេញទៅស្រុកយួនត្រូវទទួលរងនូវការ កោសរូសបង្ខំឲ្យបង់លុយ តាមរបៀបពុករលួយចាប់ពី ១០ម៉ឺន ទៅ១៨ម៉ឺនរៀល ហើយករណីខ្លះទៀត គ្រាន់តែត្រាក់ទ័រ ឬគោយន្តច្នៃដឹក
កសិផល ត្រូវកូនចៅលោក ធៀម ដែន ហៅតក់ កោសរូសបង្ខំឲ្យបង់លុយដល់ទៅ៨០ម៉ឺន ឬ១លានរៀលឯណោះ ពេលប្រជាពលរដ្ឋគ្មានលុយបង់កើតទៅជាទំនាស់។ គេមិនដែលឃើញថ្នាក់លើកោះហៅលោក ធៀម ដែន ហៅតក់ ទៅសួរនាំពីភាពអសកម្ម ឬការពាក់ព័ន្ធជាមួយជំនួញឈើខុសច្បាប់ម្តងណាឡើយ មិនដឹងជាមានអាថ៌កំបាំងអ្វីទេទើបលោក ធៀម
ដែន ហៅតក់ ចេះតែមានឱកាសក្រអឺតក្រទមបង្កព្យុះភ្លៀងតាមតែទំនើងចិត្ត។ ប្រភព មួយចំនួនបានលើកឡើងថា ការដឹកជញ្ជូនឈើខុសច្បាប់របស់ឈ្មួញមួយចំនួនក៏ធ្លាប់ពឹងអាស្រ័យឲ្យ លោក ធៀម ដែន ហៅតក់ ជួយសម្របសម្រួលរត់ការបើកផ្លូវផងដែរ ព្រោះអាចចំណាយអស់ប្រាក់តិច មានសុវត្ថិភាពគ្មាននរណាហ៊ានប៉ះពាល់ទេ ប្រសិនបើលោក ធៀម
ដែន ហៅតក់ ចេញមុខជួយសម្របសម្រួលរត់ការឲ្យក្រុមឈ្មួញ។ អាចបញ្ជាក់បានថា លោក ធៀម ដែន ហៅតក់ រកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដោយខ្លួនឯងផង និងជួយរត់ការឲ្យក្រុមឈ្មួញផង មិនដឹងជាយកប្រាក់ទៅណាអស់ទេ ហើយក្នុងតំណែងជាមេប៉ុស្តិ៍នគរបាលប្រចាំច្រកបឹងជ្រោង លោក ធៀម ដែន ហៅតក់ មានការផ្លាស់ប្តូរជីវភាពថ្មីយ៉ាងឆាប់រហ័ស
កើតឡើងដោយសារការពាក់ព័ន្ធជាមួយជំនួញរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ដែល ទាមទារឲ្យអគ្គស្នងការនគរបាលជាតិពិនិត្យមើលភាពអសកម្មរបស់លោក ធៀម ដែន ហៅតក់ ឡើងវិញជាបន្ទាន់ ព្រោះអ្វីដែលលោក ធៀម ដែន ហៅតក់ បានប្រព្រឹត្តជះឥទ្ធិពលមិនល្អដល់ថ្នាក់លើជា ពិសេសភាពអសកម្មទាំងនេះផ្ទុយ ពីគោលការណ៍កែទម្រង់៕