សមាគមអតីតយុទ្ធជនខេត្តកំពង់ធំបន្តចែកផ្ទះលើកទី៦១អំណោយសម្តេចតេជោ ហ៊ុន សែន ដល់អតីត​យុទ្ធជនពិការ

0

កំពង់ធំៈ នេះជាអំណោយផ្ទះលើកទី៦១ហើយ ដែលបានសាងសង់ដោយ សមាគមអតីយុទ្ធជនកម្ពុជាខេត្ត និងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជា​ប្រធាសមាគមអតីតយុទ្ធជនកម្ពុជា ផ្តល់ជូនដល់អតីតយុទ្ធជនកម្ពុជា ដែលកំពុងតែរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ។

ជាក់ស្តែងឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងជាប្រធាន អតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំសហការី ចុះប្រគល់ផ្ទះមួយខ្នង ដែលជាអំណោយលើកទី៦១ របស់សម្តេច តេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ប្រគល់ជូនអតីតយុទ្ឋជន​ពិការ​ឈ្មោះ​ថោង​ ធីម​ រស់នៅ​ភូមិ​បល្ល័ង្ក​ខាង​លិច​ សង្កាត់​ដំរីជាន់ខ្លា​ ក្រុង​ស្ទឹងសែន​ ខេត្តកំពង់​ធំ​  ។

​ឧត្តមសេនីយ៍ត្រី សោម ស៊ុន បានមានប្រសាសន៍ថា ដោយបានអនុវត្តតាមការ​ណែនាំ​របស់​ឯកឧត្តម​នាយឧត្តមសេនិយ​គន់​ គីម​ អគ្គមេបញ្ជាការរង​នាយសេនាធិការ​ចម្រុះ​ នៃកងយោធពលខេមរភូមិមិន្ទ​ និង​ជាអគ្គ​លេខាធិការ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ ​បាន​សាង​សង់​រួច​រាល់​នៅ​ល្ងាច​ថ្ងៃ​ទី​០២​ខែមិនា​ ឆ្នាំ​២០១៨​ និងបាន​ ប្រគល់ជូន​អតីត​យុទ្ធ​ជន​ពិការ​ ឈ្មោះ​ថោង​ ធីម​ ។

លោកព្រឹន្ទបាលឯក​ថោង​ ធីម​ អាយុ​៥៨ឆ្នំា​ ចូល​បម្រើ​ក្នុង​ជួរ​កង​ទ័ព​នៅ​ឆ្នាំ​១៩៧៩​ក្នុង​អង្គ​ភាព​វរសេនាតូច​លេខ​១៩​ដំបូង​គេ​បង្អស់​ដែល​បាន​សហការ​ជាមួយ​កងទ័ព​ស្ម័គ្រចិត្ត​វៀតណាម​វាយ​ផ្ដួល​រំលំ​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ ហើយ​បាន​ចូល​មក​កាន់​កាប់​ និង​គ្រប់​គ្រង​កសាង​ពង្រឹង​នៅ​ខេត្ត​កំពង់ធំ​ នៅថ្ងៃ​ទី​៩ខែមករា​  ឆ្នាំ​១៩៧៩​ ក្រោយមក​ត្រូវ​របួស​ពិការ​ នៅសមរភូមិ​ ចុងដា​ ឃុំ​ត្បូង​ក្រពើ​ ស្រុក​សន្ទុក​ ខេត្តកំពង់​ធំ​  នៅឆ្នាំ​១៩៨១​ ហើយ​ផ្ទេរ​ទៅ​បម្រើ​ការងារ​នៅ​មន្ទីរ​សង្គម​កិច្ច​ខេត្តកំពង់​ធំនៅឆ្នាំ​១៩៨៦​ ។​

​លោក​ថោង​ ធីម​ មានសមាជិក ១១នាក់ ​កូន​ប្រុស​ស្រី​ ហើយកូន​៩​ នាក់​ បាន​ចុះ​បោះឆ្នោត​រួចហើយ​ បច្ចុប្បន្នប្រកបមុខរបរ​រត់​ម៉ូតូ​ឌុប​ គួបផ្សំ​និង​ប្រាក់​បៀវត្ស​ប្រចាំ​ខែ​ដែល​រាជរដ្ឋាភិបាល​ផ្តល់​ជូន​គាត់​ចំនួន​ ៤៥០,០០០​រៀល​ ក្នុង​មួយ​ខែផង​ដែរ​ ចំនែកនៅថ្ងៃនេះគ្រួសារលោក ថោង ធីម បានទទួលផ្ទះ​ថ្មី​នេះ​មានទំហំ​ ៤x៦​ ម ចំណាយ​ថវិកា​សាងសង់​គិត​ទាំង​ថ្លៃ​ឈ្នួល​ជាងផង​សរុប​ ៥,៩៨៧,០០០​ រៀល​  ក្នុងពិធី​ប្រគល់​ផ្ទះ​ថ្មី​ ក្រុមការងារ​សមាគម​អតីត​យុទ្ធ​ជន​កម្ពុជា​ខេត្ត​កំពង់ធំ​ បានឧបត្ថម្ភ​បន្ថែម​អង្ករ​ចំនួន​ ៥០​ គីឡូ​ក្រាម​ មីម៉ាម៉ា២កេស​ ទឹក​ត្រី​ទឹក​ស៊ីអ៊ីវ​ពីរយួរ​ មុងជ្រលក់ថ្នាំ​ចំនួន​១​ និង​ថវិកា​ចំនួន​២៥០,០០០រៀល​ ។

លោក​ថោង​ ធីម​ និង​ភរិយា​ ព្រម​ទាំង​ក្រុម​គ្រួសារ​ និង​អាជ្ញា​ធរ​ដែនដី​ ភូមិ​ សង្កាត់​ ដែល​បាន​ចូល​រួម​ក្នុង​កម្មវិធី​នេះ​ បាន​គោរព​ថ្លែងអំណរគុណ​និង​ជូនពរ​ចំពោះសម្តេចតេជោ​ហុ៊ន​ សែន​ និង​សម្តេច​កិតិព្រឹទ្ឋបណ្ឌឹត​ ព្រមទាំងបុត្រ​ា​បុត្រី​ ចៅប្រុសចៅស្រី​ សូម​មានសុខភាពល្អ​អាយុ​យឺនយូរ​កម្លាំង​មាំមួន​ប្រាជ្ញា​ឈ្លាវវ័យ​ដើម្បី​បន្ត​ដឹកនាំ​នាវាកម្ពុជា​ក្នុង​សន្តិភាព​ និង​ការ​អភិវឌ្ឍ​ន៍​ ហើយ​សូម​ប្តេជ្ញា​ចិត្ត​គោរព​គាំទ្រ​សម្តេចជារៀងរហូត​លុះអវសានជីវិត​ ។  ដោយ  ប៊ុន  រដ្ឋា