ខេត្តព្រះស៊ីហនុៈ កិច្ចប្រជុំនេះបានធ្វើឡើងនៅថ្ងៃ១រោច ខែផល្គុនឆ្នាំរកា នព្វស័ក, ព.ស. ២៥៦១ ត្រូវនឹងថ្ងៃទី ២ ខែមីនា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ លោកជំទាវ គួច ចន្ថា សមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ។
លោកផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានកោតសរសើដល់ម្ចាស់ក្រុមហ៊ុនទូកដឹកភ្ញៀវទាំងអស់ រូមជាមួយលោកប្រធានសមាគមទូក ដែលបានសហការយ៉ាងល្អប្រសើរជាមួយរដ្ឋបាលខេត្តព្រះសីហនុនិង បានសហការបង់វិភាគទានយ៉ាងទៀងទាត់។ចំនែកក្រុមហ៊ុនដែលមិនបានបង់វិភាគទានទាំង៨ សូមអោយលោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូក ធ្វើលិខិតមកកាន់រដ្ឋបាលខេត្តព្រះសីហនុ ដើម្បីធ្វើសេចក្តីសម្រេចផ្អាកអាជីវកម្មជាបណ្ណោះអាស័ន្ន។
បន្ថែមពីលើនេះលោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ ក៏បានថ្លែងអោយដឹងដែរថា ការប្រមូលថវិកាវិភាគទាននេះគឺសម្រាប់យកទៅធ្វើការអភិវឌ្ឍតំបន់ឆ្នេរនិងកោះ។ហើយ ចំនួនទឹកប្រាក់វិភាគទាននេះដែរអាចមានការប្រែប្រួលទៅតាមការសម្រេចរបស់ថ្នាក់ជាតិ តែបច្ចុប្បន្ននេះថ្នាក់ជាតិតម្រូវអោយបង់ ៨,០០០ រៀល រឺ២ដុល្លា ក្នុងភ្ញៀវ១នាក់ ទាំងភ្ញៀវជាតិ និងអន្តរជាតិ ចាប់ពីខែមេសា ឆ្នាំ២០១៨នេះតទៅ។
នាឱកាសនេះដែរលោកជំទាវ គួច ចន្ថា បានសំនូមពរទៅដល់សមាជិកក្នុងសមាគមទូកទាំងអស់សូមចូលរួមបង់វិភាគទានដល់រដ្ឋបាលខេត្តព្រះសីហនុ។ លោក ជំទាវ បានសំនូមពរអោយក្រុមហ៊ុនដែលមានបញ្ហាអ្វីនាំអោយរាំងស្ទះដល់ការបង់វិភាគទានសូមលើកឡើង រឺសាកសួរដល់ក្រុមការងារដើម្បីស្វែងរកដំណោះស្រាយ។លោកឧកញ៉ា ទៀ វិចិត្រ ប្រធានសមាគមទូកដឹកភ្ញៀវទេសចរ ខេត្តព្រះសីហនុ បានសំនូមពរទៅដល់លោកប្រធានអង្គប្រជុំ សូមទុកពេលរយៈពេលមួយថ្ងៃដើម្បីសិក្សា និងចរចារជាមួយក្រុមហ៊ុនទាំង៨ ដែលមិនទាន់បង់ប្រាក់វិភាគទាន។
តបតាមសំនូមពរនេះ លោក ផៃ ប៊ុនវណ្ណៈ អភិបាលរងខេត្តព្រះសីហនុ បានសម្រេចទុករយៈពេលជូន៣ថ្ងៃ ជួនលោកឧកញ៉ាប្រធានសមាគទូកខេត្តព្រះសីហនុ ដើម្បីធ្វើការចរចារជាមួយក្រុមហ៊ុនទាំងនោះ៕




































