ឧត្តមសេនីយ៍ត្រី សោម ស៊ុន ដោយគុណអ្នកម្តាយថ្លៃ ទើបមានជីវិតមកដល់ថ្ងៃនេះ

0

កំពង់ធំៈ ដើម្បីតបស្នងសងគុណអ្នកម្តាយថ្លៃ ដែលមានបុណ្យគុណដ៏ធំធេង បានផ្សេងព្រេងក្នុងជំនាន់បន​ក្បត់ប្រល័យពូជសាសន៍ប៉ុលពត រយះពេល៣ឆ្នាំ៨ខែ២០ថ្ងៃ អ្នកម្តាយជាទីស្រឡាញ់ បានប្រាប់ខ្ញុំថា ត្រូវ​បាន​ពួកត្បិលចង្រៃ​គំរាមគំហែង ធ្វើបាបទាំងកំលាំងចិត្តកំលាំងកាយ បង្អត់អាហារ បង្ខំធ្វើការជាទម្ងន់ ប្រធាន​​កងដែលគម្រាមយកខ្ញុំទៅសម្លាប់ បើសិនជា​សម្លាប់​កូន​ខ្ញុំ​ សុំ​យក​ខ្ញុំ​ទៅ​សម្លាប់​ជំនួស​កូន​ខ្ញុំ​ចុះ​ ​ ពាក្យ​ពេចន៍​ដ៏​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​នេះ​ ធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​បំភ្លេច​បាន​ទេ ទីបំផុតអ្នកម្តាយដែល បានក្លាយ​ខ្លួនជាស្រ្តីម៉េម៉ាយបាន អោបក្រសោបកូនៗក្នុងការចិញ្ចឹមបីបាច់ថែរក្សា រហូតផ្តល់ការសិក្សាបំរើ​ជាតិមាតុ​​ភូមិរហូតមកដល់សព្វថ្ងៃនេះ ។

ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានរៀបចំប្រារព្ធវិធី​បុណ្យ​ចម្រើន​ព្រះជន្ម​ជូន​អ្នក​ម្តាយ​ ឈ្មោះ​ ហ៊ុល​ រ៉េន​ ដែល​មានជន្មាយុ​គម្រប់​៧៩ឆ្នាំ​ ឈាន​ចូល​ដល់​៨០ឆ្នាំ​ នៅ​រសៀល​ថ្ងៃទី​០៣​ខែ​មិនា​ឆ្នាំ​២០១៨​ នៅគេហដ្ឋាន​លោក​វរសនីយទោ​ សោម​ កុសល្យ​ នៅ​ភូមិ​ថ្នល់​បែក​ ឃុំ​ត្រពាំង​ឬស្សី​ ស្រុក​កំពង់​ស្វាយ​ ខេត្ត​កំពង់ធំ​ ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​អ្នក​មានគុណ​ដែល​បាន​ផ្ដល់​ជីវិត​ឲ្យ​កូន​ និង​មើល​ថែទាំ​បីបាច់​ថែរក្សាកូនៗ​រហូតដល់​មានចៅដែលជាទីស្រឡាញ់ទាំងអស់​រហូតដល់​ថ្ងៃ​នេះ​ ។

លោកយាយ​ហ៊ុល​ រ៉េន​ ជា​ស្ត្រី​មេម៉ាយ​ ​ស្វាមី​របស់​គាត់​ត្រូវ​បាន​ពួក​ឃាតករអាវខ្មៅយកទៅសម្លាប់ចោលយ៉ាង​សាហាវព្រៃផ្សៃ​នៅដើម​​ឆ្នាំ​១៩៧៧​ នៅ​ក្នុង​របប​ប្រល័យ​ពូជសាសន៍​ប៉ុលពត​ដោយ​ចោទ​ថា​ជា​ខ្មាំង​ នៅ​ចុង​ឆ្នាំ​១៩៧៧​ កូន​ប្រុស​ជា​ទី​ស្រឡាញ់​របស់​គាត់​ម្នាក់​ទៀត​ ត្រូវ​ពួក​ធ្មិល យក​ទៅ​សម្លាប់​ម្នាក់ទៀត​ ដោយ​គ្រាន់​តែ​លួច​ជីក​ដំឡូង​ដែល​ដាំ​បាន​ដោយខ្លួន​ឯង​ ដើម្បី​ចម្អែត​ក្រពះ​បំបាត់​ភាព​ស្រេក​ឃ្លាន​តែ​បុណ្ណោះ​ ។

ឧត្តមសេនីយ៍ សោម ស៊ុន បានបញ្ជាក់ថា លោក​យាយ​ហ៊ុល​ រ៉េន​ បានពុះពារ​តស៊ូ​គ្រប់​បែប​យ៉ាង​ដើម្បី​ចិញ្ចឹម​បីបាច់​ថែ​រក្សា​កូន​ប្រុស​២នាក់​ រហូត​ដល់​មាន​មុខមាត់​បម្រើ​សង្គមជាតិ​នៅថ្ងៃនេះ​ ដែល​បច្ចុប្បន្ន​គឺ​ រូបឯកឧត្តម​ផ្ទាល់ និងប្អូនប្រុសបង្កើតឈ្មោះ លោក​វរសេនិយ​ទោ​ សោម​ កុសល្យ​ ដែល​បច្ចុប្បន្ន​ជា​មេបញ្ជាការ​ផ្នែក​សឹក​រង​ស្រុក​រវៀង​ ខេត្ត​ព្រះ​វិហារ​ ។​

ឯកឧត្តម សោម ស៊ុន បានបន្តថា ដើម្បី​ជា​ការ​ដឹង​គុណ​ចំពោះ​អ្នក​ម្តាយ​ខ្ញុំ​ ដែល​បាន​លះបង់​គ្រប់​បែបយ៉ាង​ដែល​បាន​បីបាច់​មើលថែរក្សាកូនៗ​រហូតដល់​មានចៅដែលជាទីស្រឡាញ់ទាំងអស់មកដល់ថ្ងៃនេះ និងសូម​អគុណសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរំដោះប្រជាពលរដ្ឋខ្មែរ និងបានផ្តល់ជីវិតថ្មីដល់គ្រួសារខ្ញុំ និងសូមប្តេជ្ញាស្មោះត្រង់ជានិច្ចគាំទ្រសម្តេចជានាយករដ្ឋមន្រ្តីនៃព្រះរាជា ណាចក្រកម្ពុជាគ្រប់អណ្ណត្តិបន្តទៀត។ ដោយ  ប៊ុន  រដ្ឋា