អបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ

0

កំពង់ធំៈ ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ថ្លែងថា៖ ស្ត្រីមានតួនាទីយ៉ាងសំខាន់ ក្នុងកិច្ចការពារសន្តិភាព ការអភិវឌ្ឍន៏ និងការលើកកម្ពស់វប្បធម៌អហិង្សាលើស្ត្រី ការជំរុញឲ្យបញ្ឃប់នូវ ការរើសអើង ព្រមទាំងការពង្រឹងឲ្យមានការគាំទ្រដល់ស្រ្តី ក្នុងការប្រើប្រាស់សិទ្ធិរបស់ខ្លួន ឲ្យបានពេញលេញផងដែរ។

ការថ្លែងបែបនេះ របស់ឯកឧត្តម សុខ លូ ក្នុងឱកាសដែលឯកឧត្តមអញ្ជើញ ចូលរួមក្នុងពិធីអបអរសាទរខួប អនុស្សារីយ៍លើកទី១០៧ ទិវានារីអន្តរជាតិ៨មីនា ឆ្នាំ២០១៨ ក្រោមប្រធានបទ «ស្ត្រីរួមគ្នារក្សាសន្តិភាព ដើម្បីអភិវឌ្ឍជាតិ» ត្រូវបានប្រារព្វធ្វើឡើង នៅព្រឹកថ្ងៃ ៥រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៨ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។

ឯកឧត្តម អភិបាលខេត្ត បន្ថែមទៀតថា បងប្អូនស្ត្រី គឺជាធនធានមនុស្សមិនអាចខ្វះបាន និងចាត់ទុកស្ត្រីជាដៃគូរ ដ៏សំខាន់ក្នុងការអភិវឌ្ឍន៍គ្រួសារ និងសង្គមជាតិ ដោយជួយជំរុញការកសាង និងអភិវឌ្ឍន៍ សមត្ថភាព ស្ត្រីក៏ដូចជា ផ្តល់ឱកាសស្ត្រីចូលរួមក្នុងកិច្ចការងារ លើគ្រប់វិស័យ។ ឯកឧត្តមបញ្ជាក់ថា៖ សិទ្ធិនារី មិនមែនមាន តែមួយថ្ងៃនេះទេ គឺមាន៣៦៥ថ្ងៃ នារីនៅកម្ពុជា ត្រូវបានលើកតម្កើនយូរមកហើយ នេះបើមើលតាមរយៈភាសារ និងអក្សរ ដូចជា មេបា មេទ័ព មេក្លោង ជាដើម ហើយនៅក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានបង្កើតឲ្យមានច្បាប់ដើម្បីឲ្យស្រ្តីដឹកនាំ ក្នុងមួយស្ថាប័នយ៉ាងតិចមួយនាក់ផងដែរ សម្រាប់ថ្នាក់ជាតិ និងក្រោមជាតិ។

ដោយ  ប៊ុន  រដ្ឋា