កំពង់ធំៈ បុរសពីរនាក់ជាកម្មកររោងពុម្ព ទំនាស់ពាក្យសំដី បង្ករឲ្យផ្ទុះអំពើហឹង្សា កាប់ចាក់គ្នាបង្ករឲ្យស្លាប់យ៉ាងអាណោចអាធ័មភ្លាមៗនៅក្នុងរោងពុម្ព នៅយប់រំលងអាធ្រាត ស្ថិត នៅភូមិកំពង់ធំ សង្កាត់កំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
បុរសឈាមរាវម្នាក់ ត្រូវបានជាប់ទោស ជាមនុស្សឃាតដោយចេតនា ដោយសារយកកាំបិត ចាក់មិត្តរួម អាជីពជាមួយគ្នាបណ្ដាលឲ្យស្លាប់ ដែលត្រូវបានគេស្គាល់ជនរងគ្រោះឈ្មោះ យាត សុផល ភេទប្រុស អាយុ ២៣ឆ្នាំ មានទីលំនៅ នៅភូមិរំចេក ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោង ០០ និង ០៨ នាទីឈានចូលថ្ងៃទី១៥ខែមិនាឆ្នាំ២០១៨។
ចំណែកជនដៃដល់ មានឈ្មោះ ចៀន.សុខចាន់ (ហៅចាន់រះ) ភេទ ប្រុស អាយុ ២២ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា អ្នកទាំងពីរបានមកស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះឈ្មោះ តាំង ផេង ភេទប្រុស នៅភូមិកំពង់ធំ ឃុំកំពង់រទេះ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ជាកម្មករ (រោងពុម្ភ)។
តាមការសាកសួររបស់សមត្ថកិច្ចជំនាញ បានឲ្យដឹងថា មូលហេតុដែលបង្ករឲ្យមានការ ផ្ទុះអំពើហឹង្សា ដោយសារគំនំរឿងកើតនៅថ្ងៃទី១៣.០៣.២០១៨ អ្នកទាំង២ បានដេកស្នាក់នៅជាមួយនិងកម្មករ ៨នាក់ផ្សេងទៀត នៅពេលក្រោកពីដេកម៉ោងប្រហែល ៥ព្រឹក ជនរងគ្រោះបានក្រោកពីដំណេក ហើយបានដើររជាន់ដៃជនដៃដល់ ដោយអចេតនា ហើយក៏ឈ្លោះប្រកែកគ្នា ក្រោយមកជនរងគ្រោះដែលស្លាប់ និងកម្មករ ៨នាក់ទៀតបាននាំគ្នាទៅធ្វើការនៅរោងពុម្ភផ្សារ
កំពង់ធំ ចំណែកជនដៃដល់ ពុំបានទៅធ្វើការនោះទេ លុះពេលល្ងាចកម្មករទាំងអស់បានមកផ្ទះស្នាក់នៅ លុះយប់កើតហេតុពេលរាត្រីស្ងប់ស្ងាត់ ជនដៃដល់បានឆ្លៀតឳកាស យកកាំបិតមកចាក់លើជនរងគ្រោះ ខណៈពេលដែលអ្នកទាំងអស់គ្នាកំពុងដេកលក់ស្កប់ស្កលើ បណ្តាលឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ពេលនោះបានផ្អើលកម្មករទាំងអស់ បានក្រោកឡើងជនដៃដល់ក៏បានរត់ចេញពីផ្ទះ កម្មករទាំងអស់ដេញតាមចាប់រហូត មកដល់មុខប៉ុស្តិ៍នគរបាលរដ្ឋបាលសង្ដាត់ដំរីជាន់ខ្លា ហើយត្រូវបានកំលាំងសមត្ថកិច្ចចាប់ឃាត់ខ្លួនបាន។
ក្រោយពេលសមត្ថកិច្ចជំនាញ បានពិនិត្យ ធ្វើកោសល្សវិច្ច័យសាកសព ដែលបញ្ជាក់ថា ពិតជាអំពើឃាតកម្ម ដោយចេតនា និងត្រូវបានចាប់ខ្លួនជនដៃដល់ ហើយបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ រីឯសពត្រូវបានប្រគល់ឱ្យក្រុមគ្រួសារដឹកទៅកាន់លំនៅដ្ឋានរបស់ខ្លួនដើម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ ប៊ុន រដ្ឋា




































