កំពង់ស្ពឺ៖ បច្ចុប្បន្នកម្មករ-កម្មាការិនី និយោជិតទទួលបានរបបសន្តុសុខសង្គមចំនួន២ គឺរបបហានិភ័យការងារ របបថែទាំសុខភាព ដែលជួយសង្គ្រោះ ការព្យាបាល ផ្តល់អត្ថប្រយោជន៏ផ្សេងៗ ផ្តល់របបថែទាំសុខភាពដោយមិនបង់ប្រាក់នៅតាមមន្ទីរពេទ្យរដ្ឋ និងឯកជនជាដៃគូររបស់ បសស។ ដោយឡែកបងប្អូននារីដែលសម្រាលកូនទទួលបានប្រាក់ឈ្នួល ១២០% ក្នុងពេលសម្រាលកូន៩០ថ្ងៃ និងទទួលបានការពិនិត្យផ្ទៃពោះយ៉ាងទៀងទាត់ ។
ការថ្លែងលើកឡើងបែបនេះគ្រាដែលលោកជំទាវ ស៊ើង សរសុចិត្តា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការទទួលបន្ទុកយេនឌ័រ ក្រសួងជាតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អញ្ជើញក្នុងពិធីផ្សព្វផ្សាយ អនុសញ្ញាស៊ី-ដ(CEDAW)អនុសាសន៏១១ចំណុច របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃព្រហស្បតិ៍ ៦កើត ខែចេត្រ ព.ស២៥៦១ ត្រូវនិងថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨ ដោយមានការចូលរួមពីមន្ត្រី និងតំណាងពាក់ព័ន្ធជាច្រើនរូប ។ 
លោកជំទាវ ស៊ើង សរចិត្តា បានបន្តថា រាជរដ្ឋាបាលបានកំណត់ឲ្យនិយោជកបង់វិភាគទានផ្នែកថែទាំសុខភាព ជំនួសកម្មករ និយោជិត ១០០% ចាប់ពីខែមេសា ឆ្នាំ២០១៨នេះតទៅ ក្នុងនោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសគោលនយោបាយផ្តល់ការឧបត្ថម្ភដល់កម្មការិនីសម្រាលកូន ដោយផ្តល់ជូនកូន១នាក់នៅថវិកា៤០ម៉ឺនរៀល កូន២នាក់៨០ម៉ឺន និងកូន៣នាក់ ១,២លានរៀល បូកថវិកាផ្ទាល់របស់សម្តេចតេជោ និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ចំនួន៥លានរៀលទៀត ។
លោកជំទាវបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ឲ្យដំណើរការប្រាក់សោធននិវត្តន៏នៅឆ្នាំ២០១៩ ដែលធ្វើសង្គមកម្ពុជាកាន់តែមានសមធម៍រវាងរាជការសាធារណៈ និងកម្មករ និយោជិតវិស័យឯកជន ហើយក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ កំពុងរៀបចំធ្វើវិសោធនកម្មច្បាប់ស្តីពីរបបសន្តិសុខសង្គម ដើម្បីពង្រីកវិសាលភាពលក្ខខណ្ឌ ពេលវេលា និងអាយុចូលនិវត្តន៏របស់សមាជិក ប.ស.ស។
លោក ចឹក បូរិន ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺបានឲ្យដឹងដែរថានៅទូទាំងខេត្តកំពង់ស្ពឺមានសហគ្រាស គ្រឹស្ថានសរុប២២១កន្លែង មានកម្មករនិយោជិតសរុប ៩៥,១៥២នាក់ ស្រី៨០,០៧៤នាក់ ដែលចំនួននេះមានការកើនឡើងប្រម៉ាណ១៨,៨១% នៃចំនួនរោងចក្រ សហគ្រាស និងចំនួនកម្មករកើនឡើងប្រម៉ាណ ១៧,៥៧%(បើធៀបឆ្នាំ២០១៦) ។
ប្រធានមន្ទីរបន្តថា មន្ទីរការងារខេត្តបានអនុវត្ត និងពង្រឹងច្បាប់ស្តីពីសហជីព និងបទដ្ឋានពាក់ពន្ធ័នានា ធានាបានសុខដុមរមនីកម្មរវាងនិយជក និងកម្មករនិយោជិតតាមរោងចក្រ សហគ្រាស គ្រិះស្ថានទូទាំងខេត្ត ៕




































