ខេត្តរតនគិរី÷ កម្លាំងសមត្ថកិច្ចចម្រុះចុះបង្ក្រាបផ្ទះស្តុកឈើប្រណិតមួយកន្លែងនឹងរឹបអូសបានរថយន្តសាំយ៉ុងមួយគ្រឿងជាមធ្យោបាយដឹកជញ្ជូនបទល្មើសព្រៃឈើដោយខុសច្បាប់ទៅលក់នៅប្រទេសវៀតណាមជារៀងរាល់ថ្ងៃ។
ការចុះបង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង២នឹង៣០នាទីរសៀល ថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែមិនា ឆ្នាំ២០១៨ ស្ថិតនៅក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
ដោយមានការសម្របសម្រួលពីលោក រ៉ា បូរ៉ាន់ឌី ព្រះរាជអាជ្ញារងសាលាដំបូងខេត្ត នឹងមានការចូលរួមពីកម្លាំងសមត្ថកិច្ចចម្រុះចុះឆែកឆេរលំនៅឋាន បានរកឃើញឈើប្រភេទកកោះចំនួន១៨ដុំ នឹងឈើធ្នុងចំនួន៣០ដុំផងដែរ។
សមត្ថកិច្ចដែលចុះបង្ក្រាបបានឲ្យដឹងថា ក្រោយពីការចុះរឹបអូសឈើនឹងរថយន្តសាំយ៉ុងមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២s-៩៨៣១ មានម្ចាស់ឈ្មោះ ចែលី រស់នៅភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ជាឈ្មួញរកស៉ីដឹកឈើជាយូឆ្នាំមកហើយដែរ ប៉ុន្តែគាត់មិនបានប្រាប់សមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើ ទើបគេចុះបង្ក្រាបបែបនេះ។
សមត្ថកិច្ចបានបន្តថា ឈើនឹងរថយន្តត្រូវបានសមត្ថកិច្ចរឹបអូសយកមករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ ហើយចំនួនឈើទាំងនោះមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ។ចំណែកម្ចាស់ឈើត្រូវបានសមត្ថកិច្ចជំនាញបង់ផាកពិន័យទៅតាមច្បាប់ព្រៃឈើផងដែរ៕ យក្ខឡោម




































