ខេត្តរតនគិរី÷ ក្រុមគ្រួសារសព ប្រជាការពារភូមិ និងជាជនក្រីក្រត្រូវបានស្នងការរដ្ឋាននគរបាលខេត្ត ព្រមទាំងអាជ្ញាធរស្រុកលំផាត់ នាំយកអំណោយមនុស្សធម៌ទៅជូនដល់ក្រុមគ្រួសារនៃសព។
នៅព្រឹកថ្ងៃព្តហស្បតិ៍ ៦កើត ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២២ ខែមិនា ឆ្នាំ២០១៨។ លោកវរសេនីយ៍ឯក ថេង ច័ន្ធធី អធិការនគរបាលស្រុកលំផាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្ដមសេនីយ៍ ទោ ងួន គឿន ស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមទាំងលោក នូ ថេរ អភិបាលស្រុកលំផាត់ បានដឹកនាំកម្លាំងប៉ុស្ដិ៍រដ្ឋបាលឃុំកាឡែង និងក្រុមប្រជាការពារភូមិ ដោយមានការចូលរួមពីលោគ្រូចៅអធិការវត្តជុំរុំបីស្រុក និងវត្តសាយ៉ស់ ព្រមទាំងអាជ្ញាធរមូលដ្ឋានឃុំកាឡែង បាននាំយកអំណោយមនុស្សធម៌ ទៅជូនដល់ក្រុមគ្រួសារសពលោក ឡុង ពេក នៅភូមិសាយ៉ស់ ឃុំកាឡែង ស្រុកលំផាត់ ខេត្តរតនគិរី ដែលជាប្រជាការពារភូមិកាលពីលោកនៅរស់។ អំណោយទាំងនោះរួមមាន អង្ករ៥០គីឡូក្រាម ទឹកត្រី១យួរ ទឹកសេអ៊ីវ១យួរ ទឹកផ្លែឈើ១កេះ ស្ករស៣គីឡូក្រាម អំបិល៣កញ្ចប់ ប្រេងឆា២ដប មី១កេះធំ កន្លេល២ ភួយ២ មុង៤ ចានដែក៤ ចានដែក៤ សារុង១ ក្រម៉ា១ ទឹកបរិសុទ្ធ១យួរ តែ៤កញ្ចប់ ប៊ីចេង២កញ្ចប់ និងថវិការចំនួនន១លាន ២សែន ២២ម៉ឺន ២ពាន់រៀល។
បើតាមការឲ្យដឹងពីលោក ថេង ច័ន្ធធី អធិការនគរបាលស្រុកលំផាត់ ថា លោក ឡុង ពេក បានស្លាប់កាលពីថ្ងៃទី១៧ ខែមិនា ឆ្នាំ២០១៨ កន្លងទៅដោយជម្ងឺប្រចាំកាយរាំរ៉ៃ ជាច្រើនខែ។ លោកអធិការបានបញ្ជាក់ទៀតថា កាលពីនៅរស់ លោក ឡុង ពេក ជាប្រជាការពារភូមិដ៏ល្អ បំរើប្រជាពលរដ្ឋក្នុងភូមិដ៏ស្មោះស្ម័គ្រ ធ្វើឲ្យប្រជាពលរដ្ឋមានការស្រលាញ់រាប់អាន។
ម្យ៉ាងវិញទៀត នៅក្នុងភូមិ គ្រួសារលោក ឡុង ពេក មានជីវភាពក្រីក្រលំបាក ទើបថ្នាក់ដឹកនាំមូលដ្ឋាន បានរាយករណ៍ទៅអាជ្ញាធរស្រុក ដើម្បីជួយដល់គ្រួសារគាត់៕ យក្ខឡោម




































