ខេត្តពោធិ៍សាត់៖ នៅវេលាម៉ោង៨ និង៤៩នាទី ព្រឹក ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៨នៅភូមិកញ្ជើបាយដាច ឃុំវាល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបានជនសង្ស័យម្នាក់ក្នុងចំណោមបក្ខពួកចំនួន ២នាក់ ក្រោយពីបានកាប់ក្បាលគូទំនាស់របស់ខ្លួនបណ្តាលអោយរងរបួសកាលពី៣ថ្ងៃមុនបណ្ដាលឲ្យរងរបួសធ្ងន់។
នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់បានឲ្យដឹងថា ជនសង្ស័យត្រូវបានកម្លាំងធ្វើការឃាត់ខ្លួនឈ្មោះ ស ចាន់ណា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិកញ្ជើបាចដាច ឃុំវាល ស្រុកកណ្ដៀង(កន្លែងឃាត់ខ្លួន)។ ការឃាត់ខ្លួនជនសង្ស័យរូបនេះបន្ទាប់ពីរូបគេ និងបក្ខពួកខ្លួនម្នាក់ទៀត(រត់គេច)បានធ្វើសកម្មភាពដោយប្រើប្រាសដាវសាម៉ូរ៉ៃជាអាវុធ កាប់លើគូទំនាស់ឈ្មោះ ម៉ៅ សុខរ៉ា ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែក១ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ចំក្បាលដល់លលាដ៍បណ្តាលអោយរងរបួសធ្ងន់។
ជនសង្ស័យបាននាំយកមកបន្តនីតិវិធីនៅការិយាល័យនគរបាលជំនាញព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានកាប់លើជនរងរបួស(ជាគូទំនាស់)ពិតប្រាកដមែន ចំណែកវត្ថុតាង(ដាវសាម៉ូរ៉ៃ)ក្រោយពីបានធ្វើសកម្មភាពរួចបានយកទៅបោះចោលក្នុងទឹកស្ទឹងពោធិ៍សាត់។
សូមរំលឹកផងដែរថា៖ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៨ និង០០នាទី យប់ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៨ ត្រង់ចំណុចសួនច្បារមុខធនាគារ ស្ថិតក្នុងភូមិពាលញែក១ សង្កាត់ផ្ទះព្រៃ ក្រុង-ខេត្តពោធិ៍សាត់ នៅគ្រាដែលជនសង្ស័យ និងបក្ខពួកកំពុងអង្គុយលេងនៅក្រោមដើមចំប៉ី ហើយបានជេប្រមាថលើជនរងរបួស និងបក្ខពួកម្នាក់ទៀត ពេលនោះជនរងរបួស និងបក្ខពួកបានជិះម៉ូតូមកឈបនៅក្បែ ជនសង្ស័យក៍បានស្ទុះមកកាប់ទាំងកម្រោលបណ្ដាលឲ្យរបួសក្បាលធ្ងន់តែម្តង៕ដោយលោក ចេងពុំ




































