ភ្នំពេញ ៖ ក្រុមផឹកស៊ីមួយក្រុមមានគ្នាប្រហែលជិត១០នាក់បានអង្គុយផឹកស៊ីស្រវឹង ហើយឈ្លោះប្រកែកវាយគ្នាឯង ពេញផ្លូវបណ្ដាលអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋទាំងកណ្ដាលយប់ ព្រោះតែក្រុមផឹកស៊ីនេះស្រែកឡូឡា បង្ករឿងហើយប្រជាពលរដ្ឋបានប្ដឹងទៅសមត្ថកិច្ចចុះអន្តរាគមន៍កាលពីវេលាម៉ោង១១និង២០នាទីយប់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០១៤ ស្ថិតនៅក្នុងបុរីកីឡា អាគាទី៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។
បើតាមសមត្ថកិច្ចដែលបានចុះមកអន្តរាគមន៍ភ្លាមៗបានឱ្យដឹងថា គឺមានក្រុមផឹកស៊ី១ក្រុមមានគ្នាប្រហែល១០នាក់បានប្រជុំគ្នាផឹកស៊ីតាំងពីព្រលប់រហូតដល់យប់ជ្រៅ ហើយបានស្រែកឡូឡា បង្កជារឿងទាស់សំដីគ្នាក្នុងវង់ផឹកស៊ី ដោយគេដឹងថាមានបុរស២នាក់ ដែលត្រូវជាបងប្អូននិងគ្នាបានវាយគ្នាទៅវិញទៅមកបណ្ដាលអោយរងរបួសបែកមុខបែកមាត់
ទាំងសងខាង ហើយត្រូវបានប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុរាយការណ៍ទៅសមត្ថកិច្ចចុះជួយអន្តរាគមន៍ភ្លាមៗនៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុក្រុមផឹកស៊ីមួយក្រុមនេះបានបែកវង់គ្នា ហើយបុរសទាំង២នាក់នោះក៏បានចូលទៅក្នុងផ្ទះរៀងៗខ្លួន ដោយពុំមានដាក់ពាក្យបណ្ដឹងអ្វីនោះទេ ដោយសារតែនេះគឺជារឿងនៅក្នុងគ្រួសារនិងមិនចង់មាន
បញ្ហាវែងឆ្ងាយ ហើយសមត្ថកិច្ចបានដកកម្លាំងចេញពីកន្លែងកើតហេតុបាត់ទៅ។ ប្រជាពលរដ្ឋដែលរស់នៅក្បែរកន្លែងកើតហេតុបានរអ៊ូរទាំថា ក្រុមផឹកស៊ីមួយក្រុមនេះគឺផឹកមិនដែលលោះថ្ងៃឡើយ ហើយពេលផឹកស៊ីម្ដងៗបានស្រែក
ឡូឡា ធ្វើអោយរំខានដល់ការរស់នៅរបស់ពួកគាត់ជាខ្លាំង ហើយពួកគាត់មិនហ៊ានប្រាប់ទេ ព្រោះខ្លាចមានបញ្ហាដាក់ខ្លួនរបស់គាត់ មិនអាចរស់នៅបានសុខនៅកន្លែងនេះ ដូច្នេះមានតែសំណូមពរអោយសមត្ថកិច្ចជួយមានវិធានការចំពោះក្រុមផឹកស៊ីនេះផង៕