សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ បានប្រារព្ធខួបទី ១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ ឧសភា ឆ្នាំ២០១៨ ក្រោមប្រធានបទ “កាកបាទ ក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា-មិនទុកនរណាម្នាក់ចោល”
(ព្រះវិហារ): ឯកឧត្តម នាយឧត្តមសេនីយ៍ មាស សុភា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរះភូមិន្ទ មេបញ្ជាការកងទព័ជើងគោគ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះវិហារ បានធ្វើការអំពាវនាវទៅដល់សប្បុរសជន ក្រុមហ៑ុន សហគ្រាសទាំងអស់ បន្តជួយ
ទ្រទ្រង់ដល់សាខាកាកបាទក្រហម អឌ្ឍចន្ទក្រហមកម្ពុជាខេត្តព្រះវិហារ នូវថវិការ ក៍ដូចជាធនធាន ដើម្បីអោយសាខា និងអនុសាខាកាកបាទក្រហមកម្ពុជាខេត្ត មានលទ្ធភាពគ្រប់គ្រាន់ក្នុងការបន្តផ្តល់សេវាកម្មមនុស្សធម៌ អោយកាន់តែមានប្រសិទ្ធភាព ក្នុងការជួយសង្គ្រោះទៅដល់ជនដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយ អគ្គីភ័យ ខ្យល់កន្ត្រាក់ ទឹកជំនន់ ក៍ដូចជាចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម ដូចពាក្យថា “កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល”។

ប្រសាសន៍អំពាវនាវនេះ ក្នុងគ្រាដែលឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីអបអរសារទរខួបទី១៥៥ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភា នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០១៨ នៅអាគារកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត ព្រមទាំងមន្ត្រីរាជការ ថ្នាក់ដឹកនាំតាមមន្ទីរអង្គភាព និងសប្បុរសជនជាច្រើនរូបផងដែរ។
ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តព្រះវិហារ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្ត បានមានប្រសាសន៍ថា ជាការពិតចលនាចូលរួមចំណែក ពីបងប្អូនសប្បុរសជនទាំងអស់ គឺពិតជាមានសារៈសំខាន់នៅក្នុងការជួយលើកកមួស់ផ្នែកការងារមនុស្សធម៌ ដើម្បីចូលរួមកាត់បន្ថយពីភាពក្រីក្រ របស់បងប្អូនពលរដ្ឋនៅតាមមូលដ្ឋានផងដែរ។ ឯកឧត្តមបន្តថា ខេត្តព្រះវិហារងាយរង ដោយសារគ្រោះជំនន់ទឹកភ្លៀងជារៀងរាល់ឆ្នាំ ធ្វើអោយពលរដ្ឋមួយចំនួនដែលរស់នៅតាមដងស្ទឹងសែនមានការលំបាក ដោយធ្វើការជំលៀសពួកគាត់ទៅរកទីទួលសុវត្ថិភាព តាមរយះការចូលរួមសាមគ្គីជាសម្ភារៈ ថវិការ ពីមន្ត្រីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលជាសប្បុរសជន ពិសេសអំណោយមនុស្សធម៌សាខាកាកបាទ ក្រហមកម្ពុជាខេត្ត បានផ្តល់ជូនបងប្អូនទាន់ពេលវេលា និងគ្រប់ទីកន្លែង ក្នុងឆ្នាំ២០១៧កន្លងមកនេះ។
លោកជំទាវ ចឹក ហេង ប្រធានសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារ បានលើកឡើងថា នៅឆ្នាំ២០១៧កន្លងមកនេះកាកបាទក្រហមខេត្ត បានផ្តល់អំណោយមនុស្សធម៌ ផ្ទាល់ដល់ដៃប្រជាពលរដ្ឋ ដែលងាយរងគ្រោះដោយសារគ្រោះមហន្តរាយផ្សេងៗ បានចំនួន៦៣១ករណី ស្មើនិង១៩២១គ្រួសារ ហើយនៅត្រីមាសទី១ ឆ្នាំ២០១៨នេះ កាកបាទក្រហម បានបន្តចែក នូវអំណោយមនុស្សធម៌ ជូនប្រជាពលរដ្ឋបានចំនួន៥៩ ករណី ស្មើនិង៤២គ្រួសារ ព្រមជាមួយនិងការសាងសង់ផ្ទះ ផ្តល់ដែកស័ង្កសី និងផ្តល់អណ្តូងទឹកស្អាតបានជាច្រើនជូនប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។
លោកជំទាវបន្តអោយដឹងបន្ថែមថា ខួបលើកទី១៥៥ ទិវាពិភពលោក កាកបាទក្រហម អឌ្ឍចន្ទក្រហម ៨ឧសភាឆ្នាំ២០១៨ ដែលប្រារព្ធធ្វើនៅពេលនេះ គឺក្នុងគោលបំណង
រំលឹកដល់ថ្ងៃកំណើតរបស់លោក ហង់រី ឌុយណង់ ដែលជាស្ថាបនិក របស់កាកបាទក្រហម ដើម្បីយល់ដឹងអំពីប្រវត្តិចលនារបស់កាកបាទក្រហម អឌ្ឍចន្ទក្រហម និងច្បាប់មនុស្សធម៌អន្តរជាតិ ក្នុងគោលដៅគៀរគររកមូលនិធិ ពីសប្បុរសជនទាំងអស់ ឆ្លើយតបអោយបានទាន់ពេលវេលាក្នុងការជួយសង្រ្គោះជនងាយរងគ្រោះ ចាស់ជរា ស្ត្រីមេម៉ាយ ក្មេងកំព្រាជាដើម៕សួនលីណា




































