កាំកុងត្រូលបន្ទាយមានជ័យបន្តចុះពិ និត្យគុណភាពទំនិញនិងចំណីអាហារនៅផ្សារស្រុកស្វាយចេក
បន្ទាយមានជ័យ ៖ មិនថាទំនិញនៅតាមទីរួមខេត្តឬជនបទទេជាបន្តបន្ទាប់ត្រូវបានមន្រ្តី ជំនាញសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យចុះធ្វើការត្រួកពិនិត្យជាក់ស្តែង កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០១៨ បានចុះពិនិត្យគុណភាពទំនិញនិងចំណីអាហារនៅផ្សារឃុំរលួស ស្ថិតក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោក ហុង លៀង អនុប្រធានសាខាទទួលបន្ទុកស្ថិតិទីផ្សារ និងប្រមូលចំណូល នៃសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា ក្រោមការចង្អុលបង្ហាញរបស់លោក សានវិជ្ជា សារ៉ាវុធ ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ និងការសម្របសម្រួលរបស់លោក មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោកបានដឹកនាំមន្ត្រីជំនាញរបស់លោក សហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត ចុះត្រួតពិនិត្យគុណភាពទំនិញនិងចំណីអាហារ របស់អាជីវករលក់ដូរ ក្នុងផ្សារឃុំរលួស នៃស្រុកស្វាយចេក ។
លោកថា ដោយអាជីវករលក់ដូរ ក្នុងផ្សារមួយនេះ មានការយល់ដឹងច្រើនពីគុណភាពទំនិញ និងចំណីអាហារ ពួកគាត់មិនបានលក់ដូរទំនិញល្មើសច្បាប់នោះទេ គឺគ្រាន់តែនៅមានទំនិញសេសសល់មួយចំនួន ដែលផុតសុពលភាពប្រើប្រាស់ ហើយក៏ត្រូវបានមន្ត្រីជំនាញដកហូត ដោយរួមមាន ៖ ត្រីខកំប៉ុង ០៦កំប៉ុង ចាហួយគ្រាប់០៤កញ្ចប់ នំSolite ០១កញ្ចប់ នំអេសប៊ី ០៣កញ្ចប់ នំដំឡូងបារាំង ២០០កញ្ចប់ ។ 
ជាមួយនឹងការចុះត្រួតពិនិត្យនេះ អាជីវករលក់ដូរ បានឲ្យដឹងថា ពួកគាត់មិនមានការខឹងសំបា ឬអន់ចិត្តចំពោះ ការដកហូតទំនិញខូចគុណរបស់ពួកគាត់នោះទេ ផ្ទុយទៅវិញពួកគាត់មានតែសប្បាយចិត្ត ដែលក្រុមមន្ត្រីជំនាញ បានយកចិត្តទុកដាក់ លើសុខភាពរបស់ពួកគាត់ និងប្រជាពលរដ្ឋទូរទៅ ជាពិសេស បានណែនាំពួកគាត់ឲ្យយល់ដឹងពី ប្រភេទទំនិញ ការពិនិត្យគុណភាពទំនិញ ការរៀបចំទុកដាក់ទំនិញ លក់ដូរឲ្យមានសោភ័ណភាណ និងដើម្បីរក្សាគុណភាពឲ្យបានល្អ ៕ អពៅ




































