កំពង់ធំៈ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បាននាំយកអាវភ្លៀងជាង៥០០អាវ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានចែកអាវភ្លៀង ជូនដល់យោធិនគ្រប់រូបចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅវេលាម៉ោង៧:០០ នាទីព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។
នៅក្នុងឳកាសចែកអាវភ្លៀងជូនដល់យោធិន ឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្តាំផ្ញើរដល់ នាយ នាយរង និងពលទាហានទាំងអស់ ឲ្យអនុវត្ត៤ចំនុចសំខាន់ មានទី១ ១ប្តេជ្ញាចិត្តការពារឲ្យបានដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និការពាររដ្ឋធម្មនុញ នៃព្រះរាជាណាចក្រកម្ពុជា ទី២ ត្រូវការពារអោយបាននូវរដ្ឋធ្ននុញ្ញ និងការពាររាជរដ្ឋភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្តេចតេជោ ហ៊ុនសែន ទី៣ ត្រូវប្រឆាំងឲ្យបាននូវចលនាបដិវត្តន៍ពណ៌ បំផ្លាញសន្តិភាណ បំផ្លាញសេចក្តីសុខសាន និងការរស់នៅរបស់ប្រជាជនយើង ទី៤ យើងទាំងអស់គ្នា និងក្រុមគ្រួសារ ប្តេជ្ញាចិត្តទៅបោះឆ្នោតគាំទ្រសម្តេចតេជោ ហ៊ុន សែន ឲ្យធ្វើជានាយករដ្ឋមន្រ្តីបន្តទៀត។
ជាចុងក្រោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ព្រមទាំងនាយទាហាន និងពលទាហានទាំងអស់ ទាំងអស់គ្នាបានគោរពថ្លែងអំណរគុណចំពោះសម្តេចតេជោ និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ដែលជានិច្ចជាកាលតែងតែយកចិត្តទុកដាក់គិតគូពីសុខទុក្ខរបស់យោធិនយើងគ្រប់រូប ទាំងពេលរដូវភ្លៀង ផ្តល់អាវភ្លៀង ពេលរដូវរងា ផ្តល់អាវរងារ សូមគោរពជូនពរសម្តេចទាំងទ្វេ និងបុត្រា-បុត្រី ចៅប្រុស-ចៅស្រី សសូមបានជួបប្រទះតែនិងពុទ្ធពរបួនប្រការគឺ÷ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។
ដោយ ប៊ុន រដ្ឋា





































