ខេត្តកំពង់ធំៈ នៅល្ងាចថ្ងៃពុធ ១០រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៨ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ខេត្ត បានដឹកនាំសហការី អញ្ជើញចុះទៅប្រគល់ផ្ទះខ្នងទី៦៨ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ជូនអតីតយុទ្ធជន ។
លោក ម៉ៅ រ៉ាន់ឌី ចូលរួមបម្រើការងារជាមន្ត្រីនគរបាល A3 នៅឆ្នាំ១៩៨៩ មានឋានន្តរស័ក្ដិពលបាលឯក បានត្រូវរបួសពិការភ្នែកខាងស្ដាំ នៅសមរភូមិស្រុងស្ទោង ខេត្តកំពង់ធំ នៅឆ្នាំ១៩៩៣ មានភរិយាឈ្មោះ ម៉ៅ អូន អាយុ ៤៥ ឆ្នាំ មានកូន ០៣ នាក់នៅក្នុងបន្ទុក ហើយគ្រួសារគាត់បានបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតរួចហើយចំនួន ០៤ នាក់ ។ ក្រៅពីប្រាក់ខែដែលរាជរដ្ឋាភិបាលផ្តល់ជូនចំនួន ៤៩០,០០០ រៀល ក្នុងមួយខែ គាត់បានប្រកបរបរធ្វើជាកម្មករសំណង់ គ្រាន់បានប្រាក់កម្រៃបន្ថែមដើម្បីចិញ្ចឹមគ្រួសារ ។
ផ្ទះថ្មីអំណោយដ៏ថ្លៃថ្លារបស់សម្ដេចសម្ដេចតេជោ ហ៊ុន សែន ដែលទើបសាងសង់រួចដោយគណៈកម្មាធិការសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំំ និងគណៈកម្មាធិការសមាគមអតីតយុទ្ធជនស្រុកបារាយណ៍ នេះមានទំហំ ៤មx៦ម សាងសង់ខ្ពស់ផុតពីដីដំបូលសង្កសី ក្រាលក្តារ និងជញ្ជាំងក្តារ ដែលត្រូវចំណាយថវិកាក្នុងការសាងសង់អស់ទឹកប្រាក់ចំនួន ៦,៦៥៥,០០០ រៀល ។
ក្នុងពិធីប្រគល់ផ្ទះថ្មីនេះក្រុមការងារសមាគមអតីតយុទ្ធជន ខេត្តកំពង់ធំបានផ្ដល់ជូននូវអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បន្ថែមទៀតនូវអង្ករចំនួន ៥០ គ.ក្រ , មីយើងចំនួន ០២ កេស , ទឹកត្រីទឹកស៊ីអ៉ីវចំនួន ០២ យួរ និងថវិកាចំនួន ២៥០,០០០ រៀល ។
ដោយ ប៊ុន រដ្ឋា




































