កំពង់ធំៈ អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា ក្នុងខេត្តកំពង់ធំ ក្នុងកិច្ចសហប្រតិបត្តិការណ៍ ជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម តំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមK72 ខេត្តប៊ិញ ភឿក សាធារណៈរដ្ឋសង្គមនិយមវៀតណាម ជំហ៊ានទី២ ដំណាក់កាលទី១៧ជីកបានចំនួន១៦អដ្ឋិធាតុ និងសរុបដំណាក់កាលទី១៧បានចំនួន ៣៨អដិ្ឋធាតុ និងទាំង១៧ដំណាក់កាលបានចំនួន១.០៨២អដ្ឋិធាតុ។
ពិធីជូនដំណើរមាតុភូមិនិវត្តន៍អដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមពលីជីវិតក្នុងសម័យសង្រ្គាម បានធ្វើឡើងនៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ហៃ អភិបាលរងខេត្ត កំពង់ធំ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ឆូយ សុផល មេបញ្ជាការងយោធភូមិភាគទី៤ អមដោយឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ រួមទាំងប្រធានអនុប្រធានអនុប្រធានមន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ចូលរួមយ៉ាងអធឹកអធ័ម នៅព្រឹកថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០១៨ ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានមានប្រសាសន៍ថា ថ្លែងអំណរគុណចំពោះ មន្រ្តីរាជការ ប្រជាពលរដ្ឋ សិស្សានុសិស្ស ដែលបានចូលរួមរំលែកទុក្ខ ចំពោះបក្សរដ្ឋវៀតណាម ពិសេសក្រុមគ្រួសារ សាច់ញាតិកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានបញ្ជូន កូន ប្តី ចៅ សាច់ញាតិ ឲ្យចូលបំរើក្នុងជួរកងទ័ព និងបានបំពេញ ប៉េសកកម្មក្នុងសង្រ្គាមនៅកម្ពុជា ក្នុងបុព្វហេតុជួយវាយរំដោះប្រទេសកម្ពុជាពីការត្រួតត្រារបស់ចក្រពត្តិអាមេរិកក្នុងអំឡុងឆ្នាំ១៩៧០ និង១៩៧៣ និងវាយរំលំរបបប្រល័យពូជសាសន៍ប៉ុលពត និងបានពលីជីវិតក្នុងសម័យសង្រ្គាមនៅកម្ពុជា។
ឯកឧត្តម សុខ ហៃ អភិបាលរងខេត្តកំពង់ធំ បានកោតសរសើរ និងវាយតំលៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងរដ្ឋអំណាចខេត្តប៊ិញភឿក សាធារណៈរដ្ឋសង្គមនិយមវៀតណាម របស់ក្រុមK70 និង K72 ជីករុករកអដិ្ឋធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតក្នុងសម័យសង្រ្គាមនៅក្នុងខេត្តកំពង់ធំ ដោយការតស៊ូ មិនរុញរា ទោះជាអាកាសធាតុក្តៅ ដីរឹង ភូមិសាស្រ្តប្រែប្រួល ក៏ដោយការខិតខំអនុវត្តការងារទទួលបានជោគជ័យ ក្នុងនាមជាប្រធានគណកម្មការជំនាញស្រាវជ្រាវ ជីករុករកអដិ្ឋធាតុ ប្តេជ្ញាខិតខំជម្រុញដល់គណៈកម្មការស្រុក ក្រុង ក៏ដូចជារដ្ឋបាលឃុំសង្កាត់ ស្រាវជ្រាវរកផ្នូរដែលនៅសេសសល់ ដើម្បីជីករុករកអដិ្ឋធាតុក្នុងដំណាក់កាលបន្ត និងទទួលលទ្ធផលសម្រេចតាមផែនការនៃប្រទេសទាំងពីរ ។
ដោយ ប៊ុន រដ្ឋា





































