កំពង់ធំៈឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានដឹកនាំយកគ្រឿងឈើ សម្រាប់ការសាងសង់ផ្ទះជូនដល់ គ្រួសាររបស់អតីតយុទ្ធជន កម្ពុជា ដែលត្រូវបានភ្លើងឆេះខ្ទេចគ្មានលស់កាលពីថ្មីកន្លងមកនេះ ដែលជាខ្នងផ្ទះលើកទី៧៣ សម្រាប់ទួទាំងខេត្តកំពង់ធំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ។
លោកស្រីហែម សាវ៉ុន ជាគ្រួសារអតីតយុទ្ធជនពលី ឈ្មោះ ជាប ហុកគៀន អតីតបំរើការងារនៅមេបញ្ជាការដ្ឋានរងវរសនាតូចលេខ៦ នៃយោធាខេត្តកំពង់ធំ ក្នុងសម័យរដ្ឋកម្ពុជា ផ្ទះរបស់អ្នកស្រីត្រូវបានភ្លើងឆេះដោយសារកឆរឆ្លងចរន្តអគ្គិសនីយ៍សូឡា កាលពីពេលកន្លងមកថ្មីៗនេះ ធ្វើឲ្យអ្នកស្រីបាត់បង់ទ្រព្យសម្បត្តិ ទាំងអស់ គឺនៅសល់តែខោអាវមួយចង្កេះ បច្ចុប្បន្នអ្នកស្រីជាស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុកចំនួន៦ នាក់ បច្ចុប្បន្នរស់នៅភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។ 
ក្រោមពីភ្លើងបានឆាបឆេះផ្ទះខ្ទេចគ្មានសល់ ដោយការខិតខំខ្នះខ្នែងយ៉ាងយកចិត្តទុកដាក់ របស់ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ ដែលដឹកនាំដោយ ឧត្តមសេនីយ៍ទោ សោម ស៊ុន ផ្តល់ផ្ទះមួយខ្នងជូនអ្នកស្រី ហើយត្រូវបានដឹកឈើ និងសម្ភារៈគ្រឿងសាងសង់ខ្នងផ្ទះលើកទី៧៣ និងជាអំណោយដ៏ថ្លៃថ្លារបស់សម្ដេចតេជោហ៊ុន សែន តាមរយះឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ដែល ត្រូវបានដឹកមកទីតាំងសាងសង់ផ្ទះ នៅល្ងាចថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៨។
ឯកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានមានប្រសាសន៍ បានអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តមនាយឧត្ដមសេនីយ៍គន់ គីម បានដឹកនាំសហការីនាំយកគ្រឿងឈើ និងសម្ភារៈសម្រាប់សាងសង់ផ្ទះមួយខ្នងជូនអ្នកស្រីហែម សាវ៉ុន គ្រួសារយុទ្ធជនពលី ដើម្បីសាងសង់ផ្ទះជូន ឲ្យទាន់រដូវភ្លៀងធ្លាក់នេះ ។
អ្នកស្រីហែម សាវ៉ុន និងអាជ្ញាធរ ប្រជាពលរដ្ឋ មានសេចក្តីត្រេកអរជាខ្លាំង និងសូមគោរពថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់និងជ្រាលជ្រៅបំផុតចំពោះសម្តេចតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌឹត ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់ជីវភាពរស់នៅរបស់ប្រជាជន និងជាពិសេសគឺអតីតយុទ្ធជនដែលមានគុណបំណាច់ចំពោះជាតិមាតុភូមិ និងសូមប្តេជ្ញាចិត្តគាំទ្រសម្តេចដើម្បីបន្តដឹកនាំប្រទេសដើម្បីរក្សាបានសន្តិភាព និងការអភិវឌ្ឍន៍ ។ ដោយ ប៊ុន រដ្ឋា





































