កំពង់ធំៈ ឧត្តមសេនីយ៍ទោ សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ធំ បានមានប្រសាសន៍ ប្រជាការពារគឺជាកម្លាំងស្នូលក្នុងការអនុវត្តន៍ផ្ទាល់នូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពទាំង៩ ចំណុចនៅមូលដ្ឋាន ប្រជាការពារគឺជាកម្លាំងស្ម័គ្រចិត្តបម្រើសន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ដោយគ្មានប្រាក់បៀវត្សឡើយ តែបងប្អូនពេញចិត្តក្នុងការបម្រើសង្គមជាតិ និងប្រជាជន ។
ប្រសាសន៍នេះ ត្រូវបានលើកឡើង ក្នុងគ្រាដែលឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ជាអធិបតីភាព ក្នុងពិធី បំពាក់ឯកសណ្ឋានជូនប្រជាការពារ១៥កំប្លេរ នៅភូមិកំពង់គោ នៅរសៀលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ ពិធីនេះប្រារព្ធធ្វើឡើងនៅក្នុងបរិវេណវត្តកំពង់គោ ស្ថិតនៅក្នុងភូមិកំពង់គោលើ ឃុំកំពង់គោ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលមានសមាជិកចូលរួមសរុប ១២៥ នាក់ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ពីតួនាទី របស់ប្រជាការពារ ដែលត្រូវបានអនុវត្ត តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវយកតួនាទីទៅ ប្រព្រឹត្តបទល្មើស គំរាមកំហែង ឬកាងបទល្មើស ដើម្បីផលប្រយោជន៍របស់ខ្លួននោះទេ ប្រជាការពារ គ្មានសិទ្ធិចាប់បុគ្គលណា ឬកាត់ក្តីជំនួសសមត្ថកិច្ចនោះឡើយ លុះត្រាតែជា បទល្មើសជាក់ស្តែងត្រូវឃាត់ខ្លួនជនបង្ករហេតុ ប្រគល់ជូនសមត្ថកិច្ច និងគ្មានមានសិទ្ធិក្នុងការ ប្រើប្រាស់អាវុធឡើយ និងមិនត្រូវពាក់ឯកសណ្ឋានដែលមាន ស្លាកសញ្ញាជាកងកម្លាំងប្រដាប់អាវុធឡើយ ដែលជាហេតុនាំឲ្យមានការយល់ច្រឡំ តែត្រូវសហការជាមួយ សមត្ថកិច្ចជំនាញ បង្ក្រាបបទល្មើស ។
ជាចុងក្រោយ ឯកឧត្តម សោម ស៊ុន អនុប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋយើងសហការគ្នាឲ្យបានល្អ ក្នុងការរក្សាសន្តិសុខ សណ្តាប់ សុវត្ថិភាពនៅក្នុងមូលដ្ឋាន ហើយនឹងមេត្តាអញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៩ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ ដើម្បីបំពេញកាតព្វកិច្ចជាប្រជាពលរដ្ឋល្អ និងគោរពតាមការអំពាវនាវរបស់ព្រះមហាក្សត្រដែលជាទីគោរពសក្ការនៃយើង ។ ដោយ ប៊ុន រដ្ឋា





































