ឯកឧត្តម មេបញ្ជាការតំបន់សឹករងកំពង់ធំ ជួយ​សាង​សង់​ជម្រកស្នាក់ពលរដ្ឋ​ទីទ័លក្រ

0

កំពង់ធំ៖  ឯកឧត្តម សោម ស៊ុន មេបញ្ជាការងយោធភូមិភាគទី៤ បានមានប្រសាសន៍ថា  ក្រៅពីការងារស្នូល របស់អង្គភាព គឺបានឆ្លៀតឳកាស ចុះធ្វើការងារមនុស្សធម៌  ក្នុងនោះបានផ្តោតទៅលើការងារអតីតយុទ្ធជន ដែលរស់នៅក្នុងភូមិសាស្រ្តខេត្តកំពង់ធំ មិនតែប៉ុណ្ណោះគឺបានជួយដល់ ប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះ​ខាត ទីទាល់ក្រ គ្មានជម្រកស្នាក់សមរម្យ និងត្រូវបានជួយសាងសង់ជម្រកស្នាក់នៅជូនប្រជាពលរដ្ឋ ។

ជាក់ស្តែង ប្រជាពលរដ្ឋឈ្មោះ  ឈួន រូង​ អាយុ ៤៥ ឆ្នាំ​ មាន​ភរិយា​ និងកូនចំនួន ០៦ នាក់  គ្មាន​ជម្រកស្នាក់នៅ​ពិតប្រាកដ ឯកឧត្តម សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការ​សឹករង​កំពង់​ធំ​ និង​សប្បុរស​ជន​ជួយ​សាង​សង់​ជម្រកស្នាក់នៅ​ជូន ដើម្បីឲ្យបានសមរម្យនឹងគេ  ដោយសារតែ កន្លងមកគ្រួសារនេះ បាន​ដើរ​សុំ​បងប្អូន​ជ្រកកោន​ បណ្តោះអាសន្ន​  ដោយការងារមិនមានជំហររ៉ឹងមាំ ដោយកន្លងមកបាន ធ្វើជាចំណាកស្រុកជាកម្មករនៅទីក្រុងភ្នំពេញ​ តែ​បច្ចុប្បន្ន​រស់​នៅ​ភូមិ​ជីឱក​ ឃុំ​បារាយណ៍​ ស្រុក​បារាយណ៍​ ខេត្ត​កំពង់ធំ​។

បច្ចុប្បន្នលោក ឈួន រូង  ប្រកប​មុខរបរ​ដើរស៊ីឈ្នួលបាញ់ថ្នាំ​ និង​បាចជីស្រូវ ដើម្បីយកប្រាក់កម្រៃចិញ្ចឹម​គ្រួសារ  និងត្រូវបានទទួលជម្រកស្នាក់នៅថ្មី ដែលបានសាងសង់រួច និងបានប្រគល់ជូននៅព្រឹកថ្ងៃទី ២៣ ខែមិថុនា​ ឆ្នាំ​២០១៨​ ដែលមានទំហំ ៤មx៥ម ដែល​បាន​ចំណាយ​ថវិកា​ក្នុង​ការ​សាងសង់​អស់​ទឹក​ប្រាក់​ចំនួន​២,៣៥០,០០០​ រៀល​  ក្នុងឳកាសប្រគល់ផ្ទះថ្មីនេះ ឯកឧត្តមមេបញ្ជាការ ឧបត្ថម្ភបន្ថែមទៀតនូវ អង្ករ​ចំនួន​ ៥០ គីឡូ​ក្រាម​ , មីយើងចំនួន ០២ កេស , កន្ទេល ០១ , មុងចំនួន ០២ ចានស្រាក់​ កំសៀវទឹក​ ចាន​ឆ្នាំង​ ស្លាប​ព្រា​ កែវ​ទឹក​ ។ ល។   និង​ថវិកា​ចំនួន​២៥០,០០០​រៀល​ ផង​ដែរ​ ។

ឯកឧត្តម  និងក្រុមការងារទាំងអស់គ្នា សូមក្រាបថ្វាយបង្គំថ្លែងអំណរគុណ ចំពោះព្រះតេជគុណ ជរ សុចាយ​ ព្រះ​ចៅ​អធិការ​វត្ត​ឌួង​សូរិយា​  ហៅ​វត្ត​ក្តី​ដូង ដែលបានជួយឧបត្ថម្ភសម្ភារៈខាងលើនេះ និង​សូម​ថ្លែង​អំណរគុណ​ចំពោះ​លោក​ស្រី​ គីម​ ហុង អាជីវករ​នៅ​ទី​ក្រុង​ភ្នំពេញ​ដែល​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​១០០$​ ក្នុង​ការ​ចូលរួម​ចំណែក​ក្នុង​ការ​សាងសង់​ផ្ទះ​នេះ​  ។

ដោយ  ប៊ុន  រដ្ឋា