បន្ទាយមានជ័យ៖ពលរដ្នៅក្រុងសិរីសោភ័ណសាទររីករាយនិងថ្លែងអំណរគុណគណៈបក្សប្រជាជន ហើយសន្យាដើរតាមគោលនយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីខណៈក្រុមការងារគណបក្សប្រជាជន ពិនិត្យមើលការស្ថាបនាផ្លូវ នៅភូមិពង្រ និងភូមិសូភី សង្កាត់កំពងស្វាយ ក្រុងសិរីសោភ័ណ និងសួសុខទុក្ខជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរផ្លូវដែលកំពុងស្ថាបានផងដែរ កាលព្រឹកថ្ងៃទី២៧ ខែមិថុនា ២០១៨។
ឯកឧត្តម សួន បវរ អភិបាលខេត្ត បន្ទាយមានជ័យ បានឲ្យដឹងថា យុទ្ធសាស្ត្រ ក៏ដូចជាយុទ្ធនាការ ការស្តារ ស្ថាបនាផ្លូវឡើងវិញ នៅក្នុងក្រុងសិរីសោភ័ណនេះ គឺដោយមានការចង្អុរបង្ហាញដ៏ ខ្ពង់ខ្ពស់ពី ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានក្រុមថ្នាក់ជាតិចុះជួយខេត្តបន្ទាយមានជ័យ ដោយក្នុងនោះក្រុមការងារបានខិតខំប្រឹងប្រែ យ៉ាងយកចិត្តទុកដាក់ ក្នុងការកសាងផ្លូវជូនប្រជាពលរដ្ឋ មានទាំងផ្លូវកៅស៊ូ ផ្លូវបេតុង គ្រួសក្រហម ថ្មមិច ដែលបានសម្រេចបានមួយចំនួនហើយដែរ ។ ដោយមើលឃើញផលលំបាក់នេះ ទើបឯកឧត្តម
ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានសម្រេចដាក់ផែនការ ស្តារ និងស្ថាបនាផ្លូវដែលលំបាកក្នុងក្រុងទាំងឲ្យអស់ដែលមានចំនួន ៧សង្កាត់ ក្នុងរយៈពេលមួយខែឲ្យបានរួចរាល់ បើសិនជាអាកាសធាតុ អំណោយផល ។
ឯកឧត្តម សួន បវរ បន្តថា ដំណើរការនៃការស្ថាបនា នេះគឺចាប់ផ្តើមដំណើរការ ចាប់តាំងពីថ្ងៃទី ២២ ខែឧសភា ដោយអនុវត្តបានផ្លូវថ្មមិច បានចំនួន ១៥,៨គីឡូម៉ែត្រ ក្រាលគ្រួសបាន៤ គីឡូម៉ែត្រ លើផែនការទូទាំងក្រុង គឺមានប្រវែងជាង ៨០ គីឡូម៉ែត្រ ។ ជាមួយគ្នានោះ ឯកឧត្តមអភិបាលខេត្តបន្តថា ក្រោមម្លប់នៃសន្តិភាព ប្រជាជនកម្ពុជាបានរស់នៅដោយភាពសម្បូរសប្បាយ លែងមានការភ័យខ្លាចអ្វីទាំងអស់ ពិសេសការអភិវឌ្ឍប្រទេសជាតិ ពីមួយឆ្នាំ ទៅមួយឆ្នាំមានភាពរីកចម្រើនទៅមុខជាលំដាប់ នេះក៏ដោយសារយើងមានថ្នាក់ដឹកនាំដ៏ល្អ ប្រកបដោយគតិបណ្ឌិត ដោយមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ទន្ទឹមនឹងនោះ ប្រជាពលរដ្ឋ បានបង្ហាញនូវក្តីរំភើបសប្បាយរីករាយ និងបានសាទរជាខ្លាំងពេលដែលបានឃើញសមិទ្ធផល មានការរីដុះដាលគ្រប់ទីកន្លែង ពិសេសផ្លូវដែលពួកគាត់ធ្លាប់តែជួបការលំបាក បានប្រែក្លាយជាផ្លូវដ៏ស្រស់ស្អាត ដែលងាយស្រួលដល់ពួកគាត់ធ្វើដំណើរ ពិសេសសិស្សានុសិស្ស បានទៅរៀនស្រួលនិងទាន់ពេលវេលា ។
សូមបញ្ជាក់ថា ផ្លូវដែលបានស្ថាបនា មានចំនួនសរុប ១៦៨ខ្សែរ មានប្រវែងជាង ៨០ គីឡូម៉ែត្រ ដែលត្រូវចំណាយថវិកាជាង ២០ម៉ឺនដុល្លារអាមេរិក៕ដោយ៖ឃិន គន្ធា




































