មន្រ្តីក្រសួងបរិស្ថានអំពាវនាវអោយប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក!

0

 

សួន លីណា:

(ព្រះវិហារ): មន្រ្តីក្រសួងបរិស្ថានអំពាវនាវឱ្យប្រជាពលរដ្ឋ និងសិស្សានុសិស្សទាំងអស់ ចូលរួមកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ជាពិសេសកុំដុតថង់ប្លាស្ទីក ដែលធ្វើអោយប៉ះពាល់ស្រទាប់អូស្សូន បំពុលបរិយាកាស គ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ។

នៅក្នុងសិក្ខាសាលាស្តីពីការផ្សព្វផ្សាយអប់រំបរិស្ថាន ដើម្បីការអភិវឌ្ឍដោយចីរភាព នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នំា២០១៨ នៅវិទ្យាល័យជាស៑ុីម ត្បែងមានជ័យ ក្រុងព្រះវិហារ ខេត្តព្រះវិហារ។

ឯកឧត្តម ខ្វៃ អាទិត្យា អគ្គនាយករង នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន នៃក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ដើម្បីការអភិវឌ្ឍដោយចីរភាព នៃបរិស្ថាន ក្រសួងបរិស្ថានបានធ្វើការផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះដឹងចាំបាច់ អំពីសារៈប្រយោជន៍ នៃកិច្ចគាំពារបរិស្ថាន រក្សាជីវៈចម្រុះ និងការអភិវឌ្ឍដោយចីរភាពដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។ ដោយអ្នកជំនាញបរិស្ថាន បានធ្វើបទបង្ហាញលើការគ្រប់គ្រង សំណល់ប្លាស្ទិកអោយបានសមស្របសំដៅកែប្រែផ្នត់គំនិត និងឥរិយាបទមហាជន គ្រប់មជ្ឈដ្ឋាន អោយទៅជាកម្លាំងចលករ រួមចំណែកដល់ការលើកកម្ពស់ប្រសិទ្ធភាពការងារគ្រប់គ្រង ធនធានធម្មជាតិ និងបរិស្ថាន នៅលើភពផែនដី ស្របទៅតាមទស្សន:ទាន ការអភិវឌ្ឍដោយចីរភាព។

ឯកឧត្តម ខ្វៃ អាទិត្យា បានអំពាវនាវអោយសិស្សានុសិស្ស និងប្រជាពលរដ្ឋទាំងអស់ ចូលរួមកាត់បន្ថយប្លាស្ទិក ជាពិសេសកុំបោះសំណល់ ឬថង់ប្លាស្ទិកចោលទៅក្នុងបរិស្ថាន ព្រោះសារធាតុគីមីក្នុងប្លាស្ទិក អាចបង្កអោយមានការបំពុលដល់គុណភាពដី គុណភាពទឹក និងមានគ្រោះថ្នាក់ដល់ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះ ពិសេសគឺកុំដុតថង់ប្លាស្ទិក ដែលវាធ្វើអោយប៉ះពាល់ស្រទាប់អូស្សូន បំពុលបរិយាកាស និងសុខភាព។

ឯកឧត្តម ខ្វៃ អាទិត្យា បានបញ្ជាក់ថា ឆ្លើយតបនឹងការជំរុញអោយមានការចូលរួមការកាត់បន្ថយសំណល់ប្លាស្ទិក រាជរដ្ឋាភិបាលបានដាក់ចេញនៅអនុក្រឹត្យលេខ ១៦៨ អនក្រ.បក ចុះថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៧ ស្តីពី ការគ្រប់គ្រងថង់ប្លាស្ទិក ដើម្បីបញ្ជ្រាបដល់ប្រជាពលរដ្ឋ អោយចេះស្រលាញ់បរិស្ថាន និងជំរុញដល់មហាជនទាំងអស់ រួមគ្នាគិត រួមគ្នាធ្វើ រួមគ្នាបំបាត់ការបំពុលដោយប្លាស្ទិក ដើម្បីសុខភាពយើង និងភពផែនដី។

ដើម្បីកាត់បន្ថយការប្រើប្រាស់ថង់ផ្លាសស្ទិកនេះបាន យុវជន យុវនារី សិក្សានុសិស្ស និងប្រជាពលរដ្ឋ គឺមានតួនាទីដ៍សំខាន់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តបន្ត អោយបានគ្រប់ៗគ្នា។

សូមបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការគ្រប់គ្រងថង់ប្លាស្ទិក ដើម្បីកាត់បន្ថយ ការនាំចូល ការផលិត ការចែកចាយ និងការប្រើប្រាស់ថង់ប្លាស្ទិក សំដៅធានាបាន នូវកិច្ចគាំពារសុខភាពសាធារណៈ បរិស្ថាន និងសោភណ័ណភាពក្នុងសង្គម។

អនុក្រឹត្យដែលមាន៣២មាត្រានេះ គឺផ្តោតលើចំណុចសំខាន់ចំនួន៣៖ ទី១.ការកំណត់ប្រភេទទំហំ កម្រាស់លើថង់ប្លាស្ទិកស្តើងមានដៃយួរ ត្រូវបានហាមឃាត់លើការនាំចូល ការផលិតក្នុងស្រុក ការចែកចាយ និងការប្រើប្រាស់, ទី២.ការលើកទឹកចិត្តដល់ការកែច្នៃថង់ប្លាស្ទិក និងការផលិតថង់ ឬសម្ភារៈវេចខ្ចប់ដែលផលិតពីវត្ថុធាតុងាយពុកផុយ (Biodegradable) ឬជីវប្លាស្ទិក (Bioplastic) ដែលត្រូវដាក់អាករពិសេសជាបន្ទុករបស់រដ្ឋ និងទី៣.ការគិតកម្រៃបន្ថែមដល់អតិថិជនដែលចង់ប្រើប្រាស់ថង់ប្លាស្ទិក៕