​ប៊ែ​ល​ហ្ស៊ិ​កបាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​បន្ទាប់ពី​ឈ្នះ​រុស្ស៊ី​១-០

0

ខណៈ​កូរ៉េខាងត្បូង​ប្រកួត​ចាញ់​អាល់​ហ្សើ​រី​៤-២​ក្នុង​ពូ​ល​H ​ក្រុម​បិសាច​ក្រហម​ទ្វីបអឺរ៉ុប​ប៊ែ​ល​ហ្ស៊ិ​កបាន​ឡើងទៅ​កាន់​វគ្គ​១៦​ក្រុម​ចុងក្រោយ​ហើយ​បន្ទាប់ពី​បាន​យកឈ្នះ ក្រុម​ខ្លាឃ្មុំ​ទឹកកក​រុស្ស៊ី​ក្នុង​លទ្ធផល​ទាំង​ប្រផិតប្រផើយ​១-០ ។​ ​ក្រុម​ទាំងពីរ​មិនអាច​ធ្វើ​អ្វី​គ្នា​បានឡើយ​ក្នុង​តង់​ទីមួយ​ដោយ​

បញ្ចប់​ត្រឹម​លទ្ធផល​០-០ ។ ប៉ុន្តែ​ចូលដល់​តង់​ទី​២​ការប្រកួត​ជិត​នឹង​បញ្ចប់​ទៅហើយ កីឡាករ Divock Origi (​ឌី​វ៉ុ​ក អូ​រី​ហ្គី​) បានក្លាយ​ជា​វិ​រ​បុរស​ស៊ុត​មួយ​គ្រាប់​នៅ​នាទី​ទី​៨៨ បាន​ជួយ​ឲ្យ​ប៊ែ​ល​ហ្ស៊ិ​ក​ឈ្នះ​រុស្ស៊ី​១-០ ។

លទ្ធផល​នេះ​បាន​ជួយ​ឲ្យ​ប៊ែ​ល​ហ្ស៊ិ​ក​ឈរ​នៅ​កំពូល​តារាង​ពូ​ល​H​ដោយមាន​៦​ពិន្ទុ​ហើយ​ឆ្លងទៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ ។​ ​ចំណែកឯ​ការប្រកួត​មួយគូ​ទៀត​រវាង​កូរ៉េខាងត្បូង​និង​អាល់​ហ្សើ​រី​គឺ​បញ្ចប់​ដោយ​លទ្ធផល​អាល់​ហ្សើ​រី​ឈ្នះ​កូរ៉េខាងត្បូង​៤-២ ។ អាល់​ហ្សើ​រី​រកបាន​៣​គ្រាប់​មុន​នៅ​តង់​ទី​១​ហើយ​កីឡាករ​៣​នាក់​ផ្សេងគ្នា​គឺ Islam Slimani (​អ៊ីស្លាម ស្លី​ម៉ា​នី​) នៅ​នាទី ២៦, កីឡាករ Rafik Halliche (​រ៉ា​ហ្វី​ក ហា​លី​ឆេ​) នៅ​នាទី ២៨ និង​កីឡាករ Abdelmoumene Djabou (​អាប់​ដេ​ល​មូ​មី​ណេ ចា​ប៊ូ​) នៅ​នាទី​៣៨ ។ ចប់​តង់​ទី​១​អាល់​ហ្សើ​រី​នាំមុខ​កូរ៉េខាងត្បូង​៣-០ ។

ការប្រកួត​បាន​ឈានចូល​នាទី​ទី​៥០​នៃ​តង់​ទី​២​ទើប​កីឡាករ​របស់​កូរ៉េខាងត្បូង Heung-Min Son (​ហួង មីន សុន​) រកបាន​១​គ្រាប់​វិញ ។ នៅ​នាទី​ទី​៦២ កីឡាករ Yasine Brahimi (​យ៉ា​ស៊ីន ប្រា​ហ៊ី​មី​) រក​គ្រាប់​ទី​៤​ឲ្យ​អាល់​ហ្សើ​រី​នាំមុខ​៤-១ ប៉ុន្តែ​មកដល់​នាទី​ទី​៧២​កីឡាករ Ja-Cheol Koo (​ចា ឈុ​ល​គូ​) ជួយ​ឲ្យ​កូរ៉េខាងត្បូង​តាម​បាន​២-៤ ។ លុះ​ចប់​ការប្រកួត​កូរ៉េខាងត្បូង​ចាញ់​អាល់​ហ្សើ​រី​៤-២ ។​ ​នៅក្នុង​ពូ​ល​H​នេះ ក្រុម​ប៊ែ​ល​ហ្ស៊ិ​កបាន​ឡើងទៅ​វគ្គ​បន្ទាប់​មុនគេ​ដោយមាន​៦​ពិន្ទុ​ឈរ​កំពូល​តារាង​ខណៈ​ក្រុម​លេខ​២​គឺ​អាល់​ហ្សើ​រី មាន​៣​ពិន្ទុ ចំណែក​កូរ៉េខាងត្បូង និង​រុស្ស៊ី​មាន​១​ពិន្ទុ​ដូចគ្នា ហើយ​ក្រុម​ទាំងបី​នេះ​កំពុងតែ​ប្រជែង​គ្នា​ត្រូវការ​ឈ្នះ​រៀងខ្លួន ៕ ​download (20)