កំពង់ចាម: ដើម្បីជីវិត និងសហគមន៍គ្មានគ្រឿងញៀន គឺយើងរួមគ្នាលុបបំបាត់គ្រឿងញៀន ដើម្បីសុវត្ថិភាពភូមិ ឃុំយើង នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ នៅវិទ្យាល័យបុសខ្នុរ ស្ថិតនៅក្នុងឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម បានប្រារព្ធពិធី អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន ក្រោម
ប្រធានបទ រួមគ្នាបង្ការ និងព្យាបាលគ្រឿងញៀន ក្រោមអធិបតីភាព ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ពាក់ព័ន្ធជុំវិញខេត្ត និងលោកគ្រូអ្នកគ្រូ ប្អូនៗសិស្សានុសិស្សជាច្រើននាក់ផងដែរ។
ជាកិច្ចចាប់ផ្ដើម ឯកឧត្តម កៅ សុខអាន អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានឡើងអានសុន្ទរកថាស្វាគមន៍ និងរបាយការណ៍ អំពីកិច្ចការទប់ស្កាត់ និងការបង្ក្រាបគ្រឿងញៀន ក្នុងខេត្តកំពង់ចាមនាពេលកន្លងមក។
ជាមួយគ្នានោះ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តកំពង់ចាម បានឡើងអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងមានមតិសំណេះសំណាលក្នុងអង្គពិធី ដោយឯកឧត្តមបានលើកឡើង អំពីផលប៉ះពាល់ នៃគ្រឿងញៀន ព្រមទាំងបានអំពាវនាវដល់ប្រពលរដ្ឋជាពិសេសយុវវ័យត្រូវជៀសឲ្យផុតពីគ្រឿងញៀន ដែលធ្វើឲ្យបាត់បង់សេដ្ឋកិច្ចគ្រួសារ បាត់បង់កត្តិសយ ស្មារតីសុខភាព ដូច្នេះកុំយកខ្លួនបៀតជាមួយសារធាតុញៀន និងធ្វើការផ្តល់ព័ត៍មានពីសកម្មភាពដែលមានការប្រើប្រាស់
គ្រឿងញៀន ចំពោះអ្នកមានបំណងចង់ព្យាបាលផ្តាច់សារធាតុញៀន សូមយកពួកគាត់ ទៅកាន់មន្ទីរពេទ្យដែលមានថ្នាំបន្សាបផ្តាច់សារធាតុញៀន ដោយឥតគិតថ្លៃ ដែលមានចំនួន៣៨មន្ទីរពេទ្យក្នុងខេត្តកំពង់ចាម គឺនៅតាមមន្ទីរពេទ្យ និងមណ្ឌលសុខភាព ក្នុងមូលដ្ឋានក្បែរផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម អភិបាលខេត្ត បានសង្កត់ធ្ងន់ថា សត្រូវចំពោះមុខគឺមាន២ ដែលយើងត្រូវប្រឆាំង និងទប់ស្កាត់ជាដាច់ខាតនោះ គឺបញ្ហាគ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាគ្រឿងញៀននេះតែម្តង ដូច្នេះយើងត្រូវធ្វើការផ្សព្វផ្សាយ ដើម្បីចូលរួមទប់ស្កាត់
បញ្ហាទាំង២នេះឲ្យខាងតែបាន ដូចដែលកន្លងមកអាជ្ញាធរខេត្តកំពង់ចាម បានអនុវត្តន៍វិធានការអប់រំលើអ្នកបើកបរ និងព្រូរថយន្តចំនួន៤លើក ត្រួតពិនិត្យរថយន្ត៣៨៨គ្រឿង ធ្វើតេស្តទឹកនោមស្វែងរកសារធាតុញៀន៦៤៨នាក់ វិជ្ជមាន៩៤នាក់ និងវិធានការផ្លូវច្បាប់ ចំនួន០១លើក ឃាត់ចាប់រថយន្ត និងជនសង្ស័យ ចំនួន២០នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ៩នាក់ ចំណែកជនសង្ស័យ ១១នាក់ទៀត បានធ្វើការអប់រំណែនាំ និងចែកថ្នាំព្យាបាលផ្តាច់សារធាតុញៀនជូន ហើយបញ្ជូនទៅឲ្យក្រុមគ្រួសាវិញផងដែរ។
ក្នុងនោះ ឯកឧត្តម គួច ចំរើន បានសំណូមពរឲ្យប្រជាពលរដ្ឋ និងប្អូនៗសិស្សានុសិស្ស ផ្តល់កិច្ចសហការណ៍ ចូលរួមទប់ស្កាត់គ្រឿងញៀន ជាពិសេសសូមឲ្យថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន ក្រុមព្រឹក្សាឃុំ សង្កាត់ទាំងអស់ ត្រូវចូលរួមផ្ដល់កិច្ចសហប្រតិបត្តិការណ៍ទប់ស្កាត់ បង្ក្រាបគ្រឿងញៀន ដើម្បីចូលរួមបំរើប្រជាពលរដ្ឋ ផងដែរ។
ដើម្បីជាការស្រាយចម្ងល់ ដែលប្រជាពលរដ្ឋតែងតែងឿងឆ្ងល់ថា គ្រឿងញៀនដែលសមត្ថកិច្ចបង្ក្រាបបាននាពេលកន្លងមក តើត្រូវយកទៅទុកនៅឯណា ដូច្នេះក្នុងកម្មវិធីនេះ ក៏មានការដុតកម្ទេច បំផ្លាញចោល នូវគ្រឿងញៀន ដែលសមត្ថកិច្ចបង្ក្រាបបាន នាពេលកន្លងមក សរុបចំនួន១៥៨.៥៥ក្រាម ស្មើនឹង៥២សុំណុំរឿង នៅបរិវេណវិទ្យាល័យបុសខ្នុរ នេះតែម្តង ៕




































