កំពង់ធំ៖ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការរង យោធភូមិភាគទី៤ បើកកិច្ចប្រជុំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ នូវគោលនយោបាយ ការពារសន្តិសុខ សុវត្ថិភាពក្នុងអំឡុងបោះឆ្នោត និតិកាលទី៦ ដល់នាយទាហាន និងពលទាហាន ចំណុះឲ្យតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចំនួន១៨៥នាក់ នៅក្នងបរិវេណទីបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នាព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានលើកយកនូវចំនុចសំខាន់ៗ ដែលមានខ្លឹមសារ ទី១ កងកម្លាំងទាំងអស់ ត្រូវបន្តពង្រឹងការពារសន្តិសុខ សុវត្ថិភាព ក្នុងដំណើរការ បោះឆ្នោតសកលឆ្នាំ២០១៨ ពិសេសយុទ្ធនាការឃោសនាបោះឆ្នោត ពេលបោះឆ្នោត នឹងក្រោយ ប្រកាសលទ្ធផល នៃការបោះឆ្នោតរហូតដល់ការរៀបចំ បង្កើតរាជរដ្ឋាភិបាលថ្មី ទី២ កងកម្លាំងទាំងអស់ត្រូវបន្តតាមដានក្តាប់សភាពការណ៍ផ្សេងៗ ក្នុងដំណើរការ បោះឆ្នោតនេះ និងសហការបង្រ្កាបរាល់សកម្មភាពទាំងឡាយណាដែលបំផ្លិចបំផ្លាញដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម ក៏ដូចបំផ្លិចបំផ្លាញ នូវសុខសន្តិភាពរបស់ប្រទេសជាតិ ។
ចំណែកទី៣ កងកម្លាំងទាំងអស់ មិនត្រូវចាញ់ការឃោសនា របស់ក្រុមអគតិទាំងឡាយដែលញុះញង់មិនអោយទៅចូលរួមបោះឆ្នោត ឬបំភ្លៃពេលវេលា បោះឆ្នោតខុសនិងកាលបរិច្ឆេទ ដែល គ.ជ.ប បានកំណត់ និង ត្រៀមរាល់ឯកសារផ្ទាល់ខ្លួន ដើម្បីទៅបោះឆ្នោត នៅថ្ងៃទី២៩ ខែ កក្កដា ឆ្នាំ២០១៨ អោយបានគ្រប់ៗគ្នា ដើម្បីបំពេញ កាតព្វកិច្ចជាប្រជាពលរដ្ឋល្អ ។
ក្នុងឳកាសនេះ ឧត្តមសេនីយ៍ទោ សោម ស៊ុន ក៍បានផ្សព្វផ្សាយនូវសេចក្តីណែនាំលេខ០១ សណន របស់ប្រមុខរាជរដ្ឋាភិបាលស្តីពី ការផ្អាកលក់ដូរ និងពិសាគ្រឿងស្រវឹង មុនថ្ងៃបោះឆ្នោត និងថ្ងៃបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ ជូនដល់កងកម្លាំងនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំផងដែរ ។
ដោយ ប៊ុន រដ្ឋា





































