កំពង់ធំ៖ ឯកឧត្តម ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចុះសំណេះសំណាល សួរសុខទុក្ខ អតីតយុទ្ធជនពិការ ចំនួន២៦នាក់ ដែលកំពុងតែរស់នៅក្នុង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន២៦នាក់ បញ្ជាការដ្ឋានផ្នែកសឹករងស្ទោង នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅរសៀលថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨។
ឧត្តមសេនីយ៍ទោ សោម ស៊ុន ក្នុងនាមជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ គឺបានយកចិត្តទុកបំផុត មកលើជីវភាពរស់នៅ និងបញ្ហាសុខភាព ការប្រកបមុខរបរចិញ្ចឹមជីវិត រួមទាំងបានផ្តាំផ្ញើរដល់អតីតយុទ្ធជនគ្រប់រូប ពេលមានជម្ងឺ ត្រូវរាយការណ៍ជូនប៉ុស្តិ៍នគរបាលតាមបណ្តាឃុំ សង្កាត់ ដើម្បីដោះស្រាយ ឬបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសារតែជាសាខាសមាគមអតីតយុទ្ធជន ឬបងប្អូនអាចធ្វើដំណើរមកព្យាបាលដោយផ្ទាល់តែម្តង នៅគិលានដ្ឋានរបស់បញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំដែលមានទីតាំងនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលការព្យាបាលនេះពុំគិតប្រាក់ពីបងប្អូនឡើយ។
ក្នុងឳកាសនេះផងដែរ ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ថា សម្តេចតេជោ ហ៊ុន សែន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ទុកអតីតយុទ្ធជនជាវិរៈជនអង់អាចក្លាហាន មានគុណចំពោះប្រទេសជាតិ ដែលកន្លងមកហ៊ានពុះពារ បូជាសាច់ស្រស់ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិ និងសេចក្តីសុខរបស់ ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស បើគ្មានអតីតយុទ្ធជន គឺគ្មានថ្ងៃនេះ មានអតីតយុទ្ធជន គឺមានថ្ងៃនេះ ក្នុងនោះសម្តេចតេជោ ហ៊ុន សែន បានផ្តល់នូវករណីពិសេសដល់អតីតយុទ្ធជន និងជួយឧបត្ថម្ភ គាំទ្រ សាងសង់លំនៅដ្ឋាន ការរក្សាព្យាបាល រួមទាំងការពារសុវត្តិភាពជូនអតីតយុទ្ធជន និង ប្រជាពលរដ្ឋ ក្នុងនោះ ឯកឧត្តម សោម ស៊ុន បានអំពាវនាវ ឲ្យអតីតយុទ្ធជនទាំងអស់ រួមទាំងសាច់ញាតិទៅចូលរួមបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសគណបក្សណាដែលបងប្អូនស្រឡាញ់ និងជឿទុកចិត្ត និងកុំចាញ់ការឃោសនា អកុសល របស់ជនអគិតទាំងឡាយ ដែលរារាំងបងប្អូន មិនអោយទៅបោះឆ្នោត ជាដាច់ខាត។
ដោយ ប៊ុន រដ្ឋា





































